គ្រូធំ Rangnick បានបញ្ជាក់ប្រាប់ពីប្រធានក្រុមរបស់ Man Utd ក្នុងការប្រកួត UCL យប់នេះ

អ្នកចាត់ការ Manchester United លោក Ralf Rangnick បានបញ្ជាក់ពីកីឡាករដែលនឹងពាក់ស្លាកប្រធានក្រុម ក្នុងការប្រកួត UEFA Champions League នារាត្រីថ្ងៃពុធនេះ ក្នុងជំនួបទល់នឹង Young Boys ក្នុងកីឡដ្ឋាន Old Trafford។

ក្រុមបិសាចក្រហម បានធានាថាជាក្រុមកំពូលតារានៃពូល F និងបានឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ដែលការចាប់ឆ្នោត នឹងធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

ប៉ុន្ដែពួកគេនឹងមានការប្រកួតដ៏ពិបាកមួយ មុនបិទបញ្ចប់វគ្គចែកពូល ដោយត្រូវប្រកួតតទល់ជាមួយក្រុមជើងខ្លាំងមកពីស្វ៊ីស Young Boys ដែលប្រឹងប្រែងដើម្បីបានឱកាសឈរនៅលេខ៣ ដែលធ្វើឱ្យពួកគេបានទៅលេងនៅ Europa League។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ មុនការប្រកួតមកដល់ អ្នកចាត់ការជនជាតិអាល្លឺម៉ង់បាននិយាយទាំងទំនុកចិត្តថា អ្នកចាំទី Dean Henderson និងខ្សែបម្រើ Donny van de Beek អាចនឹងលេងក្នុងជម្រើសដំបូងនៃការប្រកួត ខណៈ ប្រធានក្រុម Harry Maguire នឹងត្រូវទទួលបានការអនុញ្ញាតឱ្យសម្រាក។

ហើយលោក Rangnick បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខ្សែបម្រើ Nemanja Matic នឹងរ៉ាប់រងតួនាទីជាប្រធានក្រុម ក្នុងការប្រកួតនេះ ដោយសារអវត្តមានរបស់ Maguire៕

ប្រភព៖ Man Utd

អានអត្ថបទបន្ទាប់៖ Xavi និយាយយ៉ាងជឿជាក់បែបនេះ មុនដឹកនាំ Barcelona តតាំងជាមួយ Bayern នៅ UCL

អ្នកចាត់ការ Barcelona លោក Xavi Hernandez ដឹងថា ដើម្បីអាចឱ្យក្រុមរបស់លោក មានឱកាសឆ្លងផុតវគ្គចែកពូល UEFA Champions League ពួកគេត្រូវយកជ័យជម្នះឱ្យបាន នៅក្នុងការប្រកួតទល់នឹង Bayern Munich ប៉ុន្ដែលោកមិនត្រូវការអព្ភូតហេតុដើម្បីអាចយកបាន៣ពិន្ទុនោះទេ។

ក្រុមអ្នកមានបុណ្យត្រូវឆ្លងកាត់ការងារដ៏លំបាកមួយ ខណៈដែលក្រុមយក្សអាល្លឺម៉ង់ Bayern Munich មិនទាន់ស្គាល់បរាជ័យ ឬស្មើនៅឡើយទេ ក្នុងការប្រកួតពានអឺរ៉ុបរដូវកាលនេះ ប៉ុន្ដែ លោក Xavi ជឿថាក្រុមរបស់លោកអាចយកឈ្នះក្រុមដែលប្រកួតតទល់ជាមួយពួកគេ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ Xavi បាននិយាយថា៖ “វាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើង ហើយនឹងផ្ដល់ឱ្យនូវអ្វីគ្រប់យ៉ាងដែលយើងមាន។ បន្ទាប់ពីការប្រកួតនេះ យើងនឹងបានឃើញ”។

“ខ្ញុំមើលមិនឃើញពីអព្ភូតហេតុនោះទេ។ វាជាការលេងមួយប្រកួត ហើយយើងអាចយកឈ្នះគូប្រកួតណាមួយបាន”។

នៅក្នុងពូល E ជាមួយគ្នានេះ Benfica នឹងទទួលក្រុមភ្ញៀវ Dynamo Kyiv ក្នុងការប្រកួតនៅពេលដំណាលគ្នា។ ប្រសិនបើ Benfica មិនអាចយកជ័យជម្នះបាន នោះប្រាកដណាស់ Barcelona នឹងធានាឆ្លងផុតវគ្គចែកពូល ដោយមិនខ្វល់ពីលទ្ធផលក្នុងការប្រកួតនៅអាល្លឺម៉ង់ឡើយ ទោះយ៉ាងណាក្ដី លោក Xavi ចង់ផ្តោតទៅលើការប្រកួតរបស់ក្រុមលោកជាង”៕

ប្រភព៖ Marca