Mbappe បំបែកកំណត់ត្រាមួយរបស់ Messi ក្នុងការប្រកួតជ័យជម្នះ UCL កាលពីយប់មិញ

Kylian Mbappe បានឈានដល់កំណត់ត្រាថ្មីមួយទៀតនៅក្នុងការប្រកួត UEFA Champions League ដោយរូបគេក្លាយជាកីឡាករដែលក្មេងបំផុត រកគ្រាប់បាល់៣០គ្រាប់ក្នុងពានរង្វាន់នេះ ដែលជាការបំបែកកំណត់ត្រាចាស់របស់មិត្តរួមក្រុម Lionel Messi។

ខ្សែប្រយុទ្ធជនជាតិបារាំង ត្រូវការពេលតែ៧០វិនាទីប៉ុណ្ណោះ ដើម្បីរកគ្រាប់បាល់បញ្ចូលទីទល់នឹង Club Brugge នៅកីឡដ្ឋាន Parc des Princes។ នេះជាគ្រាប់បាល់ទី៣០របស់គេនៅ Champions League នៅក្នុងវ័យត្រឹមតែ២២ឆ្នាំ និង៣៥២ថ្ងៃ ខណៈកំណត់ត្រាចាស់របស់ Messi គឺ ២៣ឆ្នាំ និង១៣១ថ្ងៃ កាលពីឆ្នាំ២០១០។

គ្រាប់បាល់បើកឆាករបស់ Mbappe មួយគ្រាប់នេះ ក៏ជាគ្រាប់បាល់ដែលរកបានលឿនបំផុតក្នុងក្រុម PSG នៅ Champions League ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦មក នៅពេលដែល Edinson Cavani រកបានត្រឹមតែ៤២វិនាទី ទល់នឹង Arsenal។

ក្នុងការប្រកួតកាលពីយប់មិញ Mbappe រកគ្រាប់បាល់ថែមមួយគ្រាប់ទៀត និងបញ្ជូនឱ្យ Messi ស៊ុតក្រៅប្រអប់ នៅក្នុងតង់ទី១ ហើយក្រុមរបស់លោក Mauricio Pochettino ទទួលបានជ័យជម្នះដោយលទ្ធផល ៤-១៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Xavi និយាយយ៉ាងជឿជាក់បែបនេះ មុនដឹកនាំ Barcelona តតាំងជាមួយ Bayern នៅ UCL

អ្នកចាត់ការ Barcelona លោក Xavi Hernandez ដឹងថា ដើម្បីអាចឱ្យក្រុមរបស់លោក មានឱកាសឆ្លងផុតវគ្គចែកពូល UEFA Champions League ពួកគេត្រូវយកជ័យជម្នះឱ្យបាន នៅក្នុងការប្រកួតទល់នឹង Bayern Munich ប៉ុន្ដែលោកមិនត្រូវការអព្ភូតហេតុដើម្បីអាចយកបាន៣ពិន្ទុនោះទេ។

ក្រុមអ្នកមានបុណ្យត្រូវឆ្លងកាត់ការងារដ៏លំបាកមួយ ខណៈដែលក្រុមយក្សអាល្លឺម៉ង់ Bayern Munich មិនទាន់ស្គាល់បរាជ័យ ឬស្មើនៅឡើយទេ ក្នុងការប្រកួតពានអឺរ៉ុបរដូវកាលនេះ ប៉ុន្ដែ លោក Xavi ជឿថាក្រុមរបស់លោកអាចយកឈ្នះក្រុមដែលប្រកួតតទល់ជាមួយពួកគេ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ Xavi បាននិយាយថា៖ “វាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើង ហើយនឹងផ្ដល់ឱ្យនូវអ្វីគ្រប់យ៉ាងដែលយើងមាន។ បន្ទាប់ពីការប្រកួតនេះ យើងនឹងបានឃើញ”។

“ខ្ញុំមើលមិនឃើញពីអព្ភូតហេតុនោះទេ។ វាជាការលេងមួយប្រកួត ហើយយើងអាចយកឈ្នះគូប្រកួតណាមួយបាន”។

នៅក្នុងពូល E ជាមួយគ្នានេះ Benfica នឹងទទួលក្រុមភ្ញៀវ Dynamo Kyiv ក្នុងការប្រកួតនៅពេលដំណាលគ្នា។ ប្រសិនបើ Benfica មិនអាចយកជ័យជម្នះបាន នោះប្រាកដណាស់ Barcelona នឹងធានាឆ្លងផុតវគ្គចែកពូល ដោយមិនខ្វល់ពីលទ្ធផលក្នុងការប្រកួតនៅអាល្លឺម៉ង់ឡើយ ទោះយ៉ាងណាក្ដី លោក Xavi ចង់ផ្តោតទៅលើការប្រកួតរបស់ក្រុមលោកជាង”៕

ប្រភព៖ Marca