គ្រូធំវៀតណាម ថានឹងយកឈ្នះកម្ពុជា ក្នុងប្រកួតចុងក្រោយដើម្បីឆ្លងផុតវគ្គចែកពូល

បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយ ឥណ្ឌូណេស៊ី ដោយលទ្ធផល ០-០ ក្នុងវគ្គចែកពូល AFF Suzuki Cup 2020 គ្រូបង្គោល Park Hang-seo បាននិយាយថា ក្រុមរបស់លោកនឹងធ្វើឱ្យបានល្អបំផុត ដើម្បីយកឱ្យបានជ័យជម្នះនៅក្នុងការប្រកួតបន្ទាប់ទល់នឹងក្រុមកម្ពុជា។

ក្រុមវៀតណាម មិនអាចទំលុះសំណាញ់ទីឥណ្ឌូណេស៊ីបាននោះទេ ក្នុងការប្រកួតកាលពីយប់មិញ បើទោះបីជាពួកគេមានឱកាសគ្រប់គ្រងបាល់ ៧០ភាគរយ និងស៊ុតបាន២១ ដង ខណៈក្រុមឥណ្ឌូណេស៊ីស៊ុតបានតែម្ដងប៉ុណ្ណោះ។

ក្រុមរបស់លោក Park ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាងនៃពូល B បន្ទាប់ពីទទួលបានលទ្ធផលត្រឹមស្មើ ដោយមាន៧ពិន្ទុដូចឥណ្ឌូណេស៊ី ប៉ុន្ដែមានគ្រាប់បាល់តិចជាង។

នៅក្នុងការប្រកួតជុំចុងក្រោយ ក្រុមការពារតំណែងជើងឯក នឹងជួបប្រកួតទល់នឹងក្រុមគោព្រៃកម្ពុជា ដែលធ្លាក់ចេញពីពានរង្វាន់នេះទៅហើយ ខណៈឥណ្ឌូណេស៊ី ត្រូវធ្វើការធ្ងន់ដោយត្រូវជួបម៉ាឡេស៊ី នៅក្នុងប្រកួតចុងក្រោយនេះ។

លោក Park បាននិយាយថា៖ “ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី នឹងត្រូវប្រកួតប្រជែងសម្រាប់តំណែងនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅក្នុងការប្រកួតចុងក្រោយ យើងនឹងជួបកម្ពុជា ហើយនឹងធ្វើគ្រប់យ៉ាងដើម្បីយកជ័យជម្នះ”៕

អានអត្ថបទបន្ទាប់៖ Tuchel ថាមិនស្ដាយក្រោយទេ ដែលបញ្ចេញខ្សែបម្រើ Chelsea ម្នាក់ឱ្យគូប្រជែងរួមលីគ

ខ្សែបម្រើ Conor Gallagher បានសាងភាពលេចធ្លោសម្រាប់ក្រុម Crystal Palace ក្រោយត្រូវបានក្លិបតោខៀវ Chelsea បញ្ជូនទៅឱ្យក្លិបរួមលីគអង់គ្លេស ជាមួយកិច្ចសន្យាខ្ចីជើង ប៉ុន្ដែលោក Thomas Tuchel មានជំនឿចិត្តថា ការសម្រេចចិត្តឱ្យកីឡាកររូបនេះ ចាកចេញពីទឹកដី Stamford Bridge គឺពិតជាត្រឹមត្រូវ។

តំបន់បម្រើរបស់ Chelsea កំពុងជួបការខ្វះខាត ដោយសារខ្សែបម្រើ N’Golo Kante និង Mateo Kovacic ដែលត្រលប់ពីរបួសវិញ បានតេស្ដឃើញវិជ្ជមានកូវីដ១៩ ខណៈ Ross Barkley និង Saul Niguez ដែលត្រូវបានខ្ចីជើងពី Atletico Madrid លេងមិនល្អដូចការរំពឹងទុកឡើយ។

សម្រាប់ការសាកសួរពាក់ព័ន្ធនឹងខ្សែបម្រើ Gallagher លោក Tuchel បាននិយាយថា៖ “ខ្ញុំបាននិយាយជាច្រើនលើកមកហើយ ថាយើងចូលចិត្ត Conor កម្រិតណា តើគេធ្វើបានល្អកម្រិតណា។ គ្មានអ្វីត្រូវផ្លាស់ប្ដូរនោះទេ យើងឃើញពីគ្រាប់បាល់ និងការបង្ហាញគុណផលរបស់គេគ្រប់ពេលទាំងអស់”។

“មានមិនអ្វីដែលគួរឱ្យស្ដាយនោះទេ ព្រោះមើលទៅដូចជា វាជាតំណែងដ៏ល្អឥតខ្ចោះសម្រាប់គេ ហើយយើងបានពិភាក្សាជាចំបងសម្រាប់គេ នូវអ្វីដែលជាជម្រើសល្អបំផុតក្នុងទីផ្សារដោះដូររដូវក្ដៅកន្លងមក”។

“អ្នកមិនអាចយកស្ថានភាពនៅពេលនេះ ទៅធៀបគ្នាជាមួយកាលពីខែកក្កដានោះទេ។ យើងធ្វើអ្វីដែលយើងត្រូវធ្វើ ហើយយើងរីករាយ ព្រោះវាល្អសម្រាប់ Conor”៕

ប្រភព៖ Marca