Barcelona ត្រៀមផ្ទេរចូលកីឡាករអាហ្សង់ទីនម្នាក់ មុនទីផ្សារដោះដូររដូវរងារបិទទ្វារ

អ្នកចាត់ការ Xavi Hernandez របស់ក្លិប Barcelona កំពុងសម្លឹងមើលឱកាសក្នុងការនាំយកកីឡាករបន្ថែមមកជួយពង្រឹងក្រុម ដើម្បីជួយពួកគេទទួលបានឱកាសត្រលប់ទៅលេងនៅ UEFA Champions League វិញ។

យោងតាមប្រភពពីវ៉េបសាយ Goal.com បានរាយការណ៍ថា ក្លិបអ្នកមានបុណ្យចង់ចុះហត្ថលេខាផ្ទេរខ្សែការពារស្លាបឆ្វេង Nicolas Tagliafico មុនទីផ្សារដោះដូរខែមករាបិទទ្វារ ដោយសម្អាងថាកីឡាករវ័យ២៩ឆ្នាំរូបនេះ អាចបង្កើតបានជាការប្រកួតប្រជែងតំណែងជាមួយ Jordi Alba។

Barca បាននាំយកខ្សែប្រយុទ្ធ Ferran Torres ពីក្លិប Manchester City ក្នុងតម្លៃ៥៥លានអឺរ៉ូ ស្របពេលក្លិបចង់បានកីឡាករបន្ថែមទៀត ដើម្បីជួយក្រុមលោក Xavi ដណ្ដើមបានកៅអីប្រកួត Champions League ខណៈ Tagliafico ជាកីឡាករចុងក្រោយបង្អស់ដែលស្ថិតនៅក្នុងរ៉ាដារបស់ពួកគេ ដើម្បីមកប្រជែងតំណែងការពារស្លាបឆ្វេងជាមួយ Alba។

យោងតាមប្រភពខាងលើក៏បានបញ្ជាក់ផងដែរថា ជម្រើសដ៏ងាយស្រួលសម្រាប់ Barcelona គឺជាការខ្ចីជើង ខ្សែការពារអាហ្សង់ទីន Tagliafico ពីក្លិបយក្សហូឡង់ ក្នុងកុងត្រារយៈពេល៦ខែ ហើយពួកគេបានទាក់ទងចរចាជាមួយ Ajax ចំពោះការផ្ទេរនេះកើតមានឡើង។

ក្លិបការពារជើងឯកលីគកំពូលហូឡង់ កំណត់តម្លៃ៦លានអឺរ៉ូសម្រាប់ជម្រើសទិញផ្ដាច់លើការព្រមព្រៀងចុងក្រោយ ដោយផ្ដល់ជូនកីឡាករយុវជន Alejandro Balde ជាថ្នូរបន្ថែមលើការដោះដូរនេះ៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ក្លិបមួយនៅ Premier League សម្រេចបញ្ចប់តំណែងគ្រូបង្វឹកក្រោយទទួលលទ្ធផលខកចិត្ត

ក្លិបនៅលីគកំពូលអង់គ្លេស Watford បានបណ្ដេញអ្នកចាត់ការ Claudio Ranieri ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមបាន១៤ប្រកួត ក្នុងរយៈពេលជិត៤ខែ។

បុរសជនជាតិអ៊ីតាលីវ័យ៧០ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ Watford កាលពីថ្ងៃទី៥ ខែតុលា ប៉ុន្ដែនៅក្រោមការដឹកនាំរបស់លោកពួកគេទទួលបានតែ៧ពិន្ទុប៉ុណ្ណោះ ពីការលេង១៣ប្រកួតនៅ Premier League។

បន្ទាប់ពីបរាជ័យ ៣-០ នៅក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Norwich City បានធ្វើឱ្យ Watford ធ្លាក់ទៅតំបន់ត្រូវកាត់ចេញក្នុងតារាង Premier League ទើបឈានដល់ការបញ្ចប់តំណែងលោក Ranieri។

យោងតាមការប្រកាសរបស់ក្លិបបាននិយាយថា ការផ្លាស់ប្ដូរជារឿងចាំបាច់ ដើម្បីផ្ដល់ឱកាសដល់គ្រូបង្វឹកតែងតាំងថ្មី ដើម្បីបញ្ចៀស Watford ពីបញ្ហា។ វាមានន័យថា Watford កំពុងស្វែងរកគ្រូបង្វឹកទី១៥ ចាប់តាំងពីក្លិបនេះកាន់កាប់ដោយគ្រួសារត្រកូល Pozzo ក្នុងឆ្នាំ២០១២៕

ប្រភព៖ BBC