Valverde ឆ្លើយតបបែបនេះវិញ ក្រោយលឺ Salah ចង់សងសឹក R.Madrid នៅវគ្គផ្តាច់ព្រ័ត្រពាន UCL

ថ្មីៗនេះ ខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Fede Valverde បានឆ្លើយតបទៅកាន់ខ្សែប្រយុទ្ធ Mohamed Salah បន្ទាប់ពីគេបានប្រើប្រាស់បណ្តាញសង្គម ដើម្បីនិយាយថា គេចង់សងសឹក ក្លិប R.Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ។

Salah 

ជាការពិតណាស់ ខ្សែប្រយុទ្ធរបស់ក្រុម Liverpool រូបនេះ បានបង្ហាញបំណងរបស់គេ ដើម្បីលេងទល់នឹងក្រុម Los Blancos នៅវគ្គផ្តាច់ព្រ័ត្រ ជាជាងក្រុម Manchester City អំឡុងការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ ដោយសង្ឃឹមថាគេអាចជម្រះបញ្ជីចាស់ នៅពេលបានប្រកួតចាញ់ក្រុម Madrid ដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៨ ។

Salah

យ៉ាងណា Valverde ជឿជាក់ថាការប្រកួត នៅថ្ងៃទី ២៨ ខែឧសភា នាកីឡដ្ឋាន Stade de France នឹងក្លាយជាមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីឆ្លើយតបទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវិញ ។

Valverde

លើសពីនេះ កីឡាករសញ្ជាតិអ៊ុយរូហ្គាយ បាននិយាយថា ៖ “ច្បាស់ណាស់ វាមានពាក្យជាច្រើន ដែលពួកគេអាចនិយាយ តាមអ្វីដែលពួកគេចង់ ។ ខ្ញុំជាគូប្រជែងរបស់គាត់ ហើយការនិយាយបែបនេះ វាហាក់ដូចជាគាត់មិនបានគោរពដល់ស្លាកសញ្ញារបស់ Real Madrid និងកីឡាករនោះទេ ” ។

គេបន្ថែមទៀតថា ៖ “រឿងតែមួយគត់ ដែលយើងត្រូវធ្វើ គឺផ្តល់ឲ្យអស់ពីសមត្ថភាព ព្យាយាមបង្ហាញពីមូលហេតុដែលយើងអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ ហើយយើងសង្ឃឹមថាយើងអាចផ្តល់ពានរង្វាន់មួយទៀតដល់អ្នកគាំទ្រ និងក្រុម Real Madrid” ៕​

ប្រភព: Goal