អតីត​កីឡាករ Real Madrid ម្នាក់ អត់​ទាន់​ទៅ​ណា​ទេ ហើយ​ស៊ូ​នៅ​រង់ចាំ​សំណើ Barcelona

ក្លឹប Barcelona នៅ​ពេល​ចុងក្រោយ ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez ហាក់​មាន​កីឡាករ​ជា​ច្រើន ប្រាថ្នា​ចង់​មក​រួបរួម ដ្បិត​បើ​ដឹង​ថា​ស្ថានភាព​ក្លឹប​លើ​ការ​ចាយវាយ​ប្រាក់​ឈ្នួល​កីឡាករ មិន​សូវ​ជា​ល្អ​ក៏​ដោយ។

Xavi

ជាក់ស្តែង​ដូច​ករណី Angel di Maria គេ​បាន​ប្រកាស​ហើយ​ថា​នឹង​ចាកចេញ​ពី Paris Saint-Germain នៅ​បញ្ចប់​រដូវ​កាល ២០២១/២២ ពោល​នឹង​ផ្លាស់​ទៅ​ក្លឹប​ថ្មី នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន។ បើ​តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​ថា អតីត​កីឡាករ​ធ្លាប់​គ្រោង​ឈុត​ស្តេច​ស​រូប​នេះ គេ​មិន​ទាន់​ព្រម​ការ​ផ្ទេរ​ទៅ​ក្លឹប​ណា​មួយ​នៅ​ឡើយ ពោល​នៅ​រង់ចាំ​សំណើ Barcelona មក​ដល់ ព្រោះ​អី​ហាក់​ពេញ​ចិត្ត​ចង់​ទៅ​ចូលរួម​នៅ​អ្នក​មាន​បុណ្យ។

បុរស​វ័យ ៣៤ ឆ្នាំ កន្លង​មក​ធ្វើ​បាន​ល្អ ទាំង​នៅ PSG និង​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ​សមត្ថភាព​របស់​គេ តាម​ថា​គឺ​អាច​ទៅ​បំពេញ​តំណែង​ស្លាប​ស្តាំ ជំនួស Ousmane Dembele បាន​ងាយ ប្រសិន​កីឡាករ​បារាំង ច្បាស់​ថា​មិន​បន្ត​នៅ។ យ៉ាង​ណា អ្នក​មាន​បុណ្យ​ឯ​ណោះ ក៏​ល្ហិចល្ហៀង​ថា​បាន​ចាប់​ចិត្ត​លើ​កីឡាករ​ដទៃ Raphinha មួយ​រូប​ទៀត គ្រាន់​ថា​បើ​យក​ពី Leeds គឺ​ត្រូវ​តែ​ចាយ​លុយ​ធំ តែ​បើ​យក Di Maria គឺ Free។

Di Maria
Di Maria

យើង​នឹង​រង់ចាំ​មើល​ថា​តើ Barcelona នឹង​សម្រេច​ចិត្ត​បែប​ណា ហើយ​សាមី​ខ្លួន Di Maria ផ្ទាល់ បើ​ព្រម​មក​ចុះចូល​នៅ​ក្លឹប​ម្ចាស់ដី Camp Nou គេ​នឹង​ព្រម​តាម​សំណើ​នៃ​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​បាន​ឬ​អត់។ រំឭក​ឲ្យ​ដឹង កីឡាករ​អាហ្សង់ទីន​ធ្លាប់​បាន​ចាយ​ពេល ៤ ឆ្នាំ​ឲ្យ Real Madrid ហើយ​រក​បាន ២២ គ្រាប់ នៅ​ការ​បង្ហាញ​ខ្លួន ១២៤ ប្រកួត បើ​យើង​រាប់​តែ​ស្ថិតិ​នៅ​ La Liga៕

ប្រភព៖ Mundo Deportivo