Nottingham ចាយលុយបំបែកកំណត់ត្រារបស់ក្លិប ទិញអតីតកីឡាករ Liverpool ម្នាក់

ក្លិប Nottingham Forest បានចុះហត្ថលេខាផ្ទេរ អតីតខ្សែប្រយុទ្ធ Liverpool, Taiwo Awoniyi ពីក្លិប Unio Berlin ដោយតម្លៃបំបែកកំណត់ត្រារបស់ពួកគេ។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ នឹងចូលរួមក្លិបដែលទើបប្រូម៉ូតមកកាន់លីគកំពូលអង់គ្លេស ជាមួយកុងត្រារយៈពេល៥ឆ្នាំ ជាមួយតម្លៃ១៧លានផោន។

Awoniyi រកគ្រាប់បាល់២០គ្រាប់ ពីការបង្ហាញខ្លួន៤៣លើកលើទីលានប្រកួត គ្រប់ពានរង្វាន់ទាំងអស់រដូវកាលមុន ហើយគេជាកីឡាករដំបូងដែល Forest នាំចូល ក្រោយឡើងមកកាន់ក្របខណ្ឌ Premier League។

សូមរំឭកថា កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានក្លិប Liverpool ដាក់ឱ្យ Union Berlin ខ្ចីជើង ហើយក្លិបអាល្លឺម៉ង់បានទិញផ្ដាច់កុងត្រារបស់គេនៅខែកក្កដា ឆ្នាំ២០២១ ហើយអាជីពរបស់គេបានចាប់ផ្ដើមល្អប្រសើរឡើង។

កីឡាកររូបនេះ មិនមានឱកាសក្នុងការបង្ហាញខ្លួនក្នុងក្រុមធំរបស់ Liverpool នោះទេ ក្រោយចូលរួមក្លិបអង់គ្លេសនេះ ក្នុងឆ្នាំ២០១៥ ហើយបានចំណាយពេល៦រដូវកាល លេងនៅក្លិបដទៃក្រោមលក្ខខណ្ឌខ្ចីជើង៕

ប្រភព៖ BBC