Bayern បង្ហាញតម្លៃទៅ Barcelona សម្រាប់ការផ្ទេរ Lewandowski

Bayern Munich បានធ្វើការបង្ហាញពីតម្លៃផ្ទេររបស់ ខ្សែប្រយុទ្ធ Robert Lewandowski ទៅ Barcelona ដែលចង់បានកីឡាករឆ្នើមរូបនេះ នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។

Lewandowski បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការចាកចេញពីទឹកដី Allianz Arena នៅរដូវក្ដៅនេះ ហើយខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញ គឺជាគោលដៅធំមួយសម្រាប់ Barcelona។

ក្លិបអ្នកមានបុណ្យ ក៏ធ្លាប់បានធ្វើការចរចាផ្ទេរ កីឡាករឆ្នើមរូបនេះដែរ ដោយបានដាក់សំណើ ៣៥លានអឺរ៉ូ បូករួមថ្លៃលក្ខខណ្ឌផ្សេងៗ ៥លានអឺរ៉ូបន្ថែមទៀត ប៉ុន្ដែត្រូវបានបដិសេធដោយក្លិបយក្សអាល្លឺម៉ង់។

យោងតាមប្រភពពី Sky Sports Germany ថ្នាក់ដឹកនាំរបស់ Bayern មានការយល់ស្របចំពោះ ការលក់ Lewandowski។ ទោះបីជាក្លិបនៅសល់កុងត្រាតែមួយឆ្នាំជាមួយកីឡាកររូបនេះមែន ប៉ុន្ដែ Bayern បានទាមទារថ្លៃផ្ទេរ ៥០លានអឺរ៉ូ ចំពោះការផ្ទេរម៉ាស៊ីនរកគ្រាប់បាល់រូបនេះ៕

ប្រភព៖ Football Espana