Atletico ចាយជិត៦លានអឺរ៉ូ យកបានកីឡាករប្រេស៊ីលម្នាក់ ក្រោយបាន Witsel ដោយគ្មានថ្លៃផ្ទេរ

ក្លិប Atletico Madrid បានប្រកាសពីការផ្ទេរចូល ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Samuel Lino ពីក្លិប Gil Vincente ជាមួយនឹងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លិបអេស្ប៉ាញ។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Diego Simeone បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាង La Liga រដូវកាលមុន ប៉ុន្ដែពួកគេបានធានាបានកៅអី Champions League។

ពេលនេះ Atletico បានបន្ថែមកីឡាករដែលមានជំនាញបង្កើតឱកាស ដោយផ្ទេរយក Lino ដែលរកគ្រាប់បាល់២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៩ប្រកួតសម្រាប់ក្លិបព័រទុយហ្កាល់ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថា ៥.៨៥លានអឺរ៉ូ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាបវ័យ២២ឆ្នាំរូបនេះ ជាកីឡាករទី២ដែលផ្លាស់មកកាន់ទឹកដី Wanda Metropolitano បន្ទាប់ពីខ្សែបម្រើ Axel Witsel ដែលទើបចប់កុងត្រាជាមួយ Borussia Dortmund កាលពីចុងខែមិថុនាកន្លងទៅ៕

ប្រភព៖ Live Score