កីឡាករ Man Utd មួយចំនួន ចង់ឃើញមិត្តរួមក្រុមពួកគេរូបនេះ ដើរចេញពីក្លិបឱ្យបានឆាប់

ថ្មីៗ​នេះ​ កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United មួយ​ចំនួន​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​ចង់​ឱ្យ​មិត្ត​រួម​ក្រុម​ពួក​គេ​រូប​នេះ​ ដើរ​ចេញ​ពី​ក្រុម​ឱ្យ​បាន​ឆាប់​ បន្ទាប់​ពី​មាន​របាយ​ការណ៍​ជា​ច្រើន​ បាន​រាយ​ការណ៍​ ពី​ចេត​នា​ចង់​ផ្ទេរ​ចេញ​របស់​គេ​ ជា​យូរ​មក​ហើយ​ នៅ​រដូវ​ក្តៅ​នេះ​ ។

ជាក់ស្តែង ម្នាក់នោះគឺខ្សែប្រយុទ្ធ Cristiano Ronaldo ខណ:កន្លងមកគេបានជូនដំណឹងដល់ក្លិបបិសាចក្រហម ថាចង់ចាកចេញពីក្លិប អំឡុងពេលទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ ដើម្បីស្វែងរកឱកាសលេងនៅក្របខ័ណ្ឌ Champions League

គួរឱ្យដឹងថា កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហាញខ្លួន ក្នុងនាមជាកីឡាករបម្រុង កំឡុពេលការប្រកួតចាញ់ ដោយលទ្ធផល 2-1 របស់ Man United ក្រោមថ្វីជើងក្រុម Brighton & Hove Albion សម្រាប់ការបើកឆាកក្របខ័ណ្ឌ Premier League

តែទោះបីជាយ៉ាងណាក៏ដោយ Ronaldo នៅតែត្រូវបានគេជឿថា កំពុងព្យាយាមជំរុញឱ្យមានការចាកចេញពីទឹកដី Old Trafford មុនពេលទីផ្សារដោះដូរ ត្រូវបិទទ្វារទៅវិញ ។

ហើយមិនតែប៉ុណ្ណោះ យោងតាមគេហទំព័រ The Sun ថ្មីៗនេះ បានបង្ហាញថាកីឡាករមួយចំនួនរបស់ Man United កំពុងមានភាពធុញទ្រាន់ ចំពោះស្ថានភាពមួយនេះ ហើយចង់ឱ្យគេចាកចេញពីក្លិបឱ្យឆាប់ៗ ។

បញ្ជាក់ផងដែរថា ទាំង Paris Saint-Germain, Bayern Munich និង Chelsea ស្ថិតក្នុងចំណោមក្លិបដែលបានទាក់ទងជាមួយ Ronaldo នៅពេលដែលដឹងច្បាស់ថាគេចង់ចាកចេញ។ តែទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ទាំងនោះបានសម្រេចចិត្តដកចិត្តវិញ ខណៈដែលការចាប់អារម្មណ៍ពីក្លិប Atletico Madrid, Napoli និង Sporting Lisbon ក៏បានបញ្ឈប់ផងដែរ ៕

ប្រភព: Sportsmole