Chelsea គ្រោងប្រើប្រាស់ Pulisic ដើម្បីទៅប្តូរយកកូនក្រុមរបស់លោក Mourinho ម្នាក់

យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ក្លិប​តោ​ខៀវ​ Chelsea មាន​បំណង​ក្នុង​ការ​ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​ Christian Pulisic ដើម្បី​ចូល​រួម​ប្រជែង​ ក្នុង​ការ​ចុះ​ហត្ថ​លេខា​លើ​តារា​ឆ្នើម​របស់​ក្រុម​ AS Roma នៅ​រដូវ​ក្តៅ​នេះ​​។

Christian Pulisic

ជាក់ស្តែង កីឡាករដែលក្រុមរបស់លោក Thomas Tuchel ចង់បានមកកាន់ក្រុមនោះ គឺ Nicolo Zaniolo ខណ:ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ បានក្លាយជាគោលដៅដ៏ចម្បងមួយ ពីសំណាក់ក្លិបធំៗជាច្រើនរួមមកហើយ រួមទាំង Tottenham Hotspur ផងដែរ ។

ក្រុម Spurs ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយ Roma ជុំវិញការផ្ទេររបស់ Zaniolo ដែលនឹងឃើញខ្សែបម្រើរូបនេះ ផ្ទេរមកកាន់ PL ក្នុងលក្ខខណ្ឌខ្ចីជើង តែនៅចុងបញ្ចប់កិច្ចព្រមព្រៀងនេះ ត្រូវបានបរាជ័យវិញ ដោយសារលោក Jose Mourinho មិនសប្បាយចិត្តជាមួយនឹងការរៀបចំកិច្ចព្រមព្រៀងខ្ចីជើងនេះឡើយ ។

ហើយ កាលពីពេលថ្មីៗនេះ យោងតាមរបាយការណ៍ពីគេហទំព័រអ៊ីតាលី CMW បានបង្ហាញថា ក្លិប Chelsea កំពុងបង្ហាញការចាប់អារម្មណ៍ ក្នុងការនាំយក Zaniolo ទៅកាន់ក្របខ័ណ្ឌ Premier League ជាមួយនឹងការផ្តល់ជូន កីឡាករ Christian Pulisic ឱ្យធ្វើដំណើរទៅកាន់កីឡដ្ឋាន Stadio Olimpico ជំនួសវិញ ។

Pulisic បាន​ជួបប្រទះការ​លំបាកខ្លាំង ​ក្នុង​ការ​បង្កើតភាពលេចធ្លោនៅ Stamford Bridge ចាប់​តាំង​ពី​ផ្លាស់​មក​ក្លឹប​ពី Borussia Dortmund ក្នុង​ឆ្នាំ ២០១៩ ដោយគេ អាចចូលលេងជម្រើសដំបូងនៅ Premier League ត្រឹម ១៣ លើកប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ លោក Tuchel កាលពីរដូវកាលមុន ៕

ប្រភព: AF