Barcelona ត្រៀមបើកផ្លូវឱ្យកីឡាករកាន់ឆ្នាំ៣រូបចាកចេញ ដើម្បីសម្រួលការនាំយក Messi មកវិញ

Barcelona មានគម្រោងក្នុងការបន្ថយប្រាក់ឈ្នួលកីឡាករបន្ថែម១៥០លានផោន ស្របពេលដែលប្រធានក្រុម Gerard Pique, Sergio Busquets និង Jordi Alba ប្រឈមនឹងការចែកផ្លូវគ្នាជាមួយក្លិប។

ក្លិបអ្នកមានបុណ្យបានដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ បានមួយកម្រិត បន្ទាប់ពីបានលក់ភាគហ៊ុន និងសិទ្ធិផ្សាយមួយចំនួន ដើម្បីឱ្យសមមាត្រ និងចំណូលចំណាយ ខណៈពួកគេកំពុងបន្ដក្នុងការពង្រឹងក្រុមឱ្យកាន់តែប្រសើរ។

យោងតាមប្រភពពីសារព័ត៌មាន SPORT បានរាយការណ៍ថា Barca មានគម្រោងក្នុងការបញ្ចេញកីឡាករឆ្នើមបីរូបនេះ ដើម្បីដោះស្រាយបញ្ហាហរិញ្ញវត្ថុ និងដើម្បីអាចសម្រួលការនាំយក Lionel Messi ត្រលប់មកវិញ។

អនុប្រធានសេដ្ឋកិច្ចរបស់ក្លិប លោក Eduard Romeu បានអះអាងថា Barca អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំយកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រលប់ទៅ Camp Nou វិញ ហើយការសម្រេចចិត្ត អាចនឹងធ្វើឡើងក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតារ។

ហើយលោក Romeu បានលើកឡើងថា ក្លិបត្រូវការពេលវេលា២ឆ្នាំ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ឱ្យមានស្ថេរភាពប្រសើរឡើងវិញ ក្រោយប្រឈមនឹងការលំបាកប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ប្រភព៖ Daily Mail