អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានចេញមុខអះអាងចំពោះការសម្រេចចិត្តរបស់លោក ក្នុងការដាក់ឱ្យខ្សែបម្រើ Casemiro អង្គុយនៅកៅអីបម្រុង អំឡុងពេលប្រកួតទល់ក្រុម Manchester City កាលពីយប់មិញ។

ក្រុមបិសាចក្រហម Man United បានទទួលរងការបរាជ័យយ៉ាងអាម៉ាស់មួយ ក្រោមថ្វីជើងរបស់ក្រុមលោក Pep Guardiola ដោយលទ្ធផល ៦–៣ ស្របពេល Phil Foden និង Erling Haaland សុទ្ធសឹងតែអាចរកបានម្នាក់ ៣ គ្រាប់ ក្នុងការប្រកួតនោះ ។
ក្រោយបញ្ចប់ការប្រកួតនេះ អ្នកគាំទ្ររបស់ Man Utd ហាក់បង្ហាញភាពងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក Ten Hag ដែលសុខចិត្តជ្រើសរើសយកកីឡាករ Scott Mctominay ឱ្យលេងនៅជម្រើសដំបូង ជំនួសឱ្យ Casemiro ដែលបានចុះហត្ថលេខាមក នៅរដូវក្តៅនេះ ។
យ៉ាងណាក៏ដោយ លោក Ten Hag បានចេញមុខ ប្រាប់អ្នកសារព័ត៌មានវិញ ចំពោះការសម្រេចចិត្តនេះថា ៖ “នៅថ្ងៃដែលយើងចុះហត្ថលេខាយក Casemiro មក ក្រុមយើងចាប់ផ្តើមទទួលជ័យជម្នះវិញ។ ក្រុមធ្វើបានល្អឡើងវិញ។ ខ្ញុំប្រាកដថាគាត់នឹងមានសារៈសំខាន់សម្រាប់យើង ក្នុងរយៈពេលដ៏ខ្លីខាងមុខ តែវាត្រូវធ្វើតាមលំដាប់លំដោយ ” ៕
ប្រភព: Sportskeeda