អត់​ខ្វះ​ទេ​ក្លឹប​ចង់​បាន! ក្លឹប​នៅ​អាស៊ី​នេះ ដាក់​សំណើ​មក​ភ្លែត ៣ ឆ្នាំ​ឲ្យ Ronaldo ១៨៦ លាន​ផោន

ឲ្យ​តែ​ថា​ព្រម​ រយៈ​ពេល ៣ ឆ្នាំ Cristiano Ronaldo នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ចូល​ហោប៉ៅ ១៨៦ លាន​ផោន ក្នុង​ការ​ទៅ​ចុះចូល​ជាមួយ​ក្លឹប​នៅ​ឯ​ទ្វីប​អាស៊ី។ រំឭក​ឲ្យ​ដឹង ពេលវេលា​នេះ CR7 កំពុង​ឈរ​ជើង​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ផ្ទេរ ឬ Free Agent លើ​ទីផ្សារ​ដោះដូរ។

Ronaldo

យ៉ាង​ណា​តាម​ដំណឹង​ចុង​ក្រោយ ចុះ​ផ្សាយ​ពី CBS Sports បាន​ឲ្យ​ដឹង​ថា Ronaldo ទើប​ទទួល​បាន​សំណើ​ថ្មី​មួយ​ទៀត​ពី​ក្លឹប Al-Nassr នៅ​ឯ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ក្នុង​កិច្ច​ព្រមព្រៀង​នោះ ក្លឹប​ព្រម​ចាយ​លុយ ១៨៦ លាន​ផោន ឬ ២៨៥ លាន​ដុល្លារ ឲ្យ​តែ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ព្រម​មក​ឈរ​ជើង ហើយ​អាច​ថា​ហៀរ​ចូល​អាយុ ៤០ ឆ្នាំ។

តាម​ថា​ទៅ​ក៏​មាន​ក្លឹប​ដទៃ​ផ្សេង​ទៀត ដូច Newcastle United, Chelsea និង Inter Miami ជា​ដើម សុទ្ធ​សឹង​ចង់​បាន​បុរស​វ័យ ៣៧ ឆ្នាំ តែ​យើង​មិន​ទាន់​ច្បាស់​ដូច​គ្នា កីឡាករ​គិតគូរ​បែប​ណា ព្រោះ​ជា​ការ​ពិត បើ​ជ្រើស​ដក​ខ្លួន​ចេញ​ពី​តំបន់​អឺរ៉ុប ប្រាកដ​នឹង​មិន​បាន​លេង​ពាន​រង្វាន់ Champions League ឬ​ពាន​កំពូល​ទៀត​ឡើយ។

Ronaldo
Ronaldo

គួរ​ឲ្យ​ដឹង​ថា Man Utd ជា​ក្លឹប​អាណាព្យាបាល​ចុងក្រោយ បាន​បញ្ចប់​កុងត្រា​ Ronaldo មុន​កាល​កំណត់ ទាំង​ពាក់​កណ្តាល​ទី World Cup កំពុង​ចាប់ផ្តើម​ទៅ​ហើយ។ ស្ថិតិ​រដូវ​កាល​ថ្មី ២០២២/២៣ បង្ហាញ​ខ្លួន ១៦ ប្រកួត រក​បាន ៣ គ្រាប់​និង Assist ២ លើក​ឲ្យ​ក្លឹប​នៅ​ឯ​ទឹកដី​អង់គ្លេស៕

ប្រភព៖ SportBible