Ten Hag ថា​មិនមែន​លោក​ចេះ​សីល​ទេ តែ​ដោយសារ​កីឡាករ​ Man Utd រូប​នេះ​ល្អ​ខ្លួន​ឯង

អ្នកចាត់ការ​លោក Erik ten Hag បាន​បញ្ចេញ​មតិ​ជុំវិញ​ទម្រង់​លេង​ឡើង​កូដ​របស់​កីឡាករ​នៅ​ក្លឹប Manchester United បន្ទាប់​រយៈ​កាល​ចុង​ក្រោយ ឃើញ​ថា​ធ្វើ​បាន​ល្អ រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់។ បញ្ជាក់ ចាប់​តាំង​ចប់ World Cup ទម្រង់​លេង​ក្លឹប​ល្អ​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដល់​លោត​ចូល​តារាង Top 4 ហើយ​ក៏​ជា​បេក្ខភាព​នៅ​សល់​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​ដៃ​ផង​ដែរ។

Ten Hag

ទាក់ទិន​នឹង​ទម្រង់​លេង​របស់​កីឡាករ​អង់គ្លេស Marcus Rashford ដែល ១០ ប្រកួត អាច​រក​បាន​ដល់ ១០ គ្រាប់ ត្រូវ​បាន​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់ សង្កត់​ធ្ងន់​ថា មក​ពី​គេ​ខិតខំ​ជម្នះ​វា​ដោយ​ខ្លួន​ឯង មិន​មែន​លោក​ចេះ​សីល​ដូច​ជា​តួ​អង្គ Harry Potter ក្នុង​ខ្សែ​ភាពយន្ត អាច​ជប់​បាន​នោះ​ទេ។

Rashford

Ten Hag លើក​ឡើង៖ “ខ្ញុំ​មិនមែន​ជា Harry Potter ទេ វា​ត្រឹម​តែ​ជា​ទំនុក​ចិត្ត​កើត​ចេញ​ពី​ខ្លួន​គេ ដោយ​គ្រប់​កីឡាករ​ទាំង​អស់​​ត្រូវ​តែ​មាន​វា នេះ Rashford គេ​ជម្នះ​វា​ដោយ​ខ្លួន​ឯង ហើយ​ណា​មួយ​ជាមួយ​ការ​ណែនាំ​របស់​ក្រុម​គ្រូ​បង្វឹក ក៏​នាំ​ឲ្យ​គេ​ទៅ​កន្លែង​ដ៏​ត្រឹមត្រូវ”។

Rashford

លោក​បន្ត៖ “តែ​ទី​បញ្ចប់ ក៏​វា​នៅ​តែ​ស៊ីសង​លើ​គេ​ផ្ទាល់​ផង​ដែរ របៀប​ដែល​គេ​ខិតខំ ទំនុក​ចិត្ត​ដែល​មាន​ដោយ​ខ្លួន​ឯង​នេះ គឺ​សំខាន់​បំផុត ទើប​អាច​ឲ្យ​កីឡាករ​បង្ហាញ​ចេញ​នូវ​ទម្រង់​ដ៏​ល្អ​ឥត​ខ្ចោះ”។ រំឭក​ឲ្យ​ដឹង​ថា​នៅ​រាត្រី​នេះ ក្លឹប​ម្ចាស់ដី Old Trafford ក៏​មាន​ការ​ប្រកួត​សំខាន់​នៅ​ជុំ​ទី ៤ FA Cup ទល់​ក្លឹប Reading វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ Metro