Ferdinand ថា​បើ Odegaard ដើរ​ចេញ​ពី​ Arsenal គឺ​មាន​តែ​ក្លឹប​ថ្មី​នេះ​ទេ​សក្ដិសម​បំផុត

អតីត​ជើង​ចាស់​បិសាច​ក្រហម​លោក Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​អនាគត​របស់​តារា​ឆ្នើម​នៅ​តំបន់​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Arsenal គឺ Martin Odegaard ថា​នៅ​ពេលវេលា​នៃ​បញ្ចប់​រដូវ​កាល ២០២២/២៣ ប្រសិន​ជា​បន្ត​ល្អ នោះ​គេ​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ ពោល​យក​ឈ្នះ​ទាំង​លើ Erling Haaland ទៅ​ទៀត។

Rio

ជា​ការ​ពិត​កីឡាករ​ន័រវេស បាន​ក្លាយ​ជា​ចំណែក​ឥត​ខ្វះ​បាន​ ក្រោម​ការ​ត្រួសត្រាយ​របស់​អ្នកចាត់ការ​លោក Mikel Arteta។ បើ​យើង​មក​មើល​ស្ថិតិ ជួន​ពេល​ក្លឹប​កំពុង​ឈរ​កំពូល​តារាង Premier League សម្រាប់​កីឡាករ​ខាង​លើ​ បង្ហាញ​ខ្លួន​សរុប ២៥ ប្រកួត ក៏​រក​បាន ៨ គ្រាប់​និង Assist ៦ លើក។

ងាក​ទៅ​ការ​យល់​ឃើញ​របស់​លោក Ferdinand លើ​ប៉ុស្តិ៍​កម្មវិធី ‘Vibe with Five’៖ “ប្រសិន Arsenal ឈ្នះ​ពាន​លីគ​កំពូល ហើយ Haaland មិន​អាច​បំបែក​កំណត់ត្រា​ការ​រក​គ្រាប់​បាល់​អ្វី​នោះ​ទេ ជា​ការ​ពិត Odegaard គឺ​ជា​បេក្ខភាព​អាទិភាព​នឹង​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ Player of the Year មិន​ខាន​ឡើយ”។

Odegaard
Odegaard

លោក​បន្ត៖ “ជាង​នេះ​ទៀត បើ​គេ​ចាកចេញ​ពី Arsenal ក្នុង​ស្ថានភាព​ពេល​នេះ មាន​តែ Barcelona ទេ ជា​ទ្រនំ​ដ៏​សក្តិសម​បំផុត ហើយ Odegaard នឹង​ទទួល​បាន​ឱកាស​ដ៏​ល្អ​នៅ​ទី​នោះ​មិន​ខាន”។ រំឭក​ដែរ​ថា មុន​នេះ​មុន​ការ​ផ្ទេរ​មក Arsenal គឺ​ Odegaard ធ្លាប់​ជា​ថ្នាល​របស់ Real Madrid ម្ល៉េះ​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​ប្រហែល​មាន​ភាគរយ​ទាប​ណាស់៕

ប្រភព៖ BeSoccer