ស៊ូ​លក់​យក​ខាត មាន​ក្លឹប​ណា​ត្រូវ​ការ​ទេ Man Utd ដាក់​តម្លៃ Maguire ត្រឹម ៤០ លាន​ផោន

មិន​មាន​ផែនការណ៍​បន្ត​ទៅ​មុខ​ទៀត​ទេ ជាមួយ Harry Maguire នេះ​ក្លឹប Manchester United គិត​ចង់​លក់​ចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្នាំ ២០២៣ មុន​ការ​ផុត​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។

ចំពោះ​ហាងឆេង​តម្លៃ​ខ្លួន ខាង​ក្លឹប​អាណាព្យាបាល​ដាក់​មក​តែ​ម្តង គឺ​ត្រឹម ៤០ លាន​ផោន​ប៉ុណ្ណោះ ទំហំ​នេះ ទាប​ជាង​ឆ្ងាយ​ ធៀប​នឹង​តម្លៃ​ដើម កាល​ក្លឹប​ម្ចាស់ដី Old Trafford ទិញ​យក​កីឡាករ​អង់គ្លេស ពី​ក្រុម​កញ្រ្ជោង​ខៀវ Leicester City នៅ​រដូវ​ក្តៅ ឆ្នាំ ២០១៩ ថ្លៃ ៧៥ លាន​ផោន។

តាម​សារព័ត៌មាន Football Transfer ចុះ​ផ្សាយ ក្លឹប​លោក Erik ten Hag ជា​អ្នកចាត់ការ​ពិត​ជា​ចង់​បង្ខំ​លក់​ចេញ​កីឡាករ​វ័យ ៣០ ឆ្នាំ​ខាង​លើ ស្រប​ពេល​តាម​ដំណឹង​ល្ហិចល្ហៀង​មាន​ក្លឹប​ ២ នៅ​អង់គ្លេស​ក៏​ចាប់​ចិត្ត តួ​យ៉ាង​គឺ West Ham និង Tottenham Hotspur តែ​ការ​ព្រម​ទទួល​យក​តម្លៃ​នោះ​ឬ​អត់ មិន​ទាន់​ច្បាស់​នៅ​ឡើយ។

រំឭក​ឲ្យ​ដឹង​ពេល​ចុង​ក្រោយ Maguire មិន​សូវ​ជា​មាន​ឱកាស​ដូច​មុន​ទៀត​ទេ ដោយ​បង្ហាញ​ខ្លួន​ត្រឹម ៣០ ប្រកួត​ច្រើន​បម្រុង គិត​ចំនួន​នាទី​ឈរ​ជើង​សុទ្ធ​តែ ១ ៥០៩ នាទី​ប៉ុណ្ណោះ​លើ​ទីលាន​ឲ្យ​បិសាច​ក្រហម។ នេះ​បន្ទាប់​តែ​ការ​មក​ដល់​នូវ​វត្តមាន​តំបន់​ស្នូល​ការពារ​ដ៏​រឹងមាំ​ពីរ​រូប គឺ Raphael Varane និង Lisandro Martinez៕

ប្រភព៖ Football Transfer