គ្រប់​ល្មម​ Ronaldo នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ក្នុង​លោក បង្ហាញ​ខ្លួន ២០០ ប្រកួត​ឲ្យ​ជម្រើស​ជាតិ

Cristiano Ronaldo បាន​សម្រេច​រួចរាល់​ហើយ អំពី​ការ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កោះហៅ​របស់​អ្នកចាត់ការ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ សម្រាប់​ប្រកួត​វគ្គ​ជម្រុះ​បឋម Euro 2024 នា​ខែ​មិថុនា​ខាង​មុខ។ នេះ​រាប់​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍ បើ​ទោះ​បី​ពេល​ចុង​ក្រោយ​កីឡាករ​ធ្លាក់​ទម្រង់​លេង គាប់​ជួន​ខាង​ក្រុម​បញ្ចខែល​ឯ​ណោះ ក៏​មាន​យុវជន​ល្អៗ​មក​ច្រើន​បន្ត​កន្ទុយ​គ្នា។

ការ​ប្រកួត​មិន​ទាន់​មក​ដល់​ផង តែ​អ្នក​កត់ត្រា​កំណត់ត្រា​នានា​ក៏​បាន​រៀបចំ​ទិន្នន័យ​រួចរាល់ ដូច​ជាមួយ CR7 គឺ​ប្រុង​នឹង​បំបែក​កំណត់ត្រា​ខ្លួន​ឯង ក្នុង​នាម​កីឡាករ​បង្ហាញ​ខ្លួន​លើក​ទី ២០០ ឲ្យ​ជម្រើស​ជាតិ​ដំបូង​គេ​បង្អស់​ក្នុង​លោក។

សព្វថ្ងៃ​លោក​ឈរ​លេខ​រៀង​ទី ១ ហើយ​ មាន ១៩៨ ប្រកួត ដោយ​ឡែក​ពេល​ខាង​មុខ កាលវិភាគ​ត្រូវ​ជួប​បូរស្នៀ នៅ​ថ្ងៃ​ទី ១៨ មិថុនា និង​ប៉ះ​អ៊ីស្លង់​នៅ​ថ្ងៃ​ទី ២១ មិថុនា គឺ​គម្រប់​ប្រកួត​ទី ២០០ ល្មម​នឹង​ចារ​កំណត់ត្រា​ថ្មី​តែ​ម្តង ប្រសិន​លោក​អាច​ចូលរួម​ទាំង​ពីរ​ប្រកួត ដូច​ការ​គ្រោង​ទុក។

គួរ​ឲ្យ​ដឹង បើ​តាម​ដំណឹង​ពេលវេលា​នេះ CR7 បាន​ដក​ខ្លួន​ពី​ការ​ប្រកួត​ឲ្យ​ក្លឹប Al Nassr ហើយ បើ​ទោះ​បី​សេសសល់​មួយ​ប្រកួត​ទៀត​មុន​បិទ​រដូវ​កាល Saudi Pro League ទំនង​មក​ពី​ច្បាស់​អំពី​ការ​អស់​ឱកាស​ប្រជែង​ពាន​របស់​ក្លឹប។ កីឡាករ​វ័យ ៣៨ ឆ្នាំ​ល្ហៀងៗ ស្ថិត​ក្នុង​ដំណើរ​កម្សាន្ត​វិស្សមកាល​រយៈ​ពេល​ខ្លី ជាមួយ​ក្រុម​គ្រួសារ មុន​ហោះ​ចូល​ប្រទេស​កំណើត ជួបជុំ​ការ​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ៕

ប្រភព៖ Twitter