Aguero ជឿថាពីរក្រុមនេះ នឹងប្រជែង Man City ក្នុងការដណ្តើមពានលីគ រដូវកាលក្រោយ

ថ្មីៗនេះ Sergio Aguero បានបង្ហាញការជឿជាក់ថា ក្រុមកាំភ្លើងធំ Arsenal និងបិសាចក្រហម Manchester United និងប្រកួតប្រជែងជាមួយក្រុម Manchester City សម្រាប់ការដណ្តើមពានរង្វាន់ Premier League នៅរដូវកាលក្រោយ ។

ជាក់ស្តែង ថ្វីបើក្រុម Man City តាមពីក្រោយក្រុម Arsenal រហូតដល់ទៅ ៨ ពិន្ទុ កាលពីដើមរដូវកាលក៏ដោយ ប៉ុន្តែក្រុមរបស់លោក Pep Guardiola នៅតែអាចវាយបកនាំមុខទៅលើក្រុមរបស់លោក Mikel Arteta បានវិញ ដើម្បីលើកពានរង្វាន់លីគ លើកទី ៣ ជាប់ៗគ្នា ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី Aguero នៅតែបង្ហាញក្តីរំពឹងខ្ពស់ថាក្រុម Arsenal នឹងអាចវិលមកប្រកួតប្រជែងជាថ្មីម្តងទៀត នៅរដូវកាលក្រោយ ស្របពេលអតីតខ្សែប្រយុទ្ធរបស់ Barcelona រូបនេះ ក៏បានសង្កត់ធ្ងន់ទៅលើក្រុម Man Utd ផងដែរ បន្ទាប់ពីមើលឃើញពីភាពលេចធ្លោ ក្រោមការដឹកនាមរបស់លោក Erik ten Hag នៅរដូវកាលនេះ ។

គួរឱ្យដឹងថា ក្រុម Man United មិនទាន់អាចមានឱកាសឈ្នះពាន Premier League នៅឡើយទេ ចាប់តាំងពីជំនាន់លោក Sir Alex Ferguson មក ប៉ុន្តែបិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងរដូវកាលនេះ និងបានឈ្នះពានមួយរួចមកហើយ ខណ:កំពុងស្ថិតនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន FA Cup ដែលនឹងត្រូវជួបក្រុម Man City ផងដែរ ។

លើសពីនេះ Aguero បាននិយាយថា ៖ “ខ្ញុំគិតថា Arsenal បានបង្កើតមូលដ្ឋានដ៏សំខាន់មួយ ក្នុងការផ្តោតលើកីឡាករវ័យក្មេង ជាមួយនឹងផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ។ Mikel Arteta នឹងព្យាយាមពង្រឹងក្រុមរបស់ខ្លួន ហើយនឹងក្លាយជាគូប្រជែងដ៏ធំមួយ នៅរដូវកាលក្រោយ។ ទន្ទឹមនឹងនោះ យើងមិនត្រូវភ្លេចពី Man Utd ផងដែរ ពួកគេបានវិលត្រឡប់មករកភាពប្រសើឡើង ហើយនឹងក្លាយគូប្រជែងដ៏សំខាន់មួយផងដែរ

ប្រភព: Metro