គិត​តែ​នៅ UCL ក្លឹប​ Man City/Arsenal ឈរ​លេខ ២/៣ នៅ​ចំណោម​ក្លឹប​ចាយ​ច្រើន​ជាង​គេ​រដូវ​ក្តៅ

ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League បាន​វិល​ចូល​មក​ដល់​ទៀត​ហើយ នៅ​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ពុធ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS។ យ៉ាង​ណា​យើង​មាន​ជ្រុង​មួយ​ចង់​លើក​មក​បង្ហាញ​បងប្អូន​ជា​មុន ពាក់ព័ន្ធ​ខ្ទង់​ចំណាយ​រដូវ​ក្តៅ​កន្លង​ទៅ តើ​មាន​ឈ្មោះ​ក្លឹប​ណា​ខ្លះ​ឈរ​ចំណាត់ថ្នាក់​កំពូល។

ជា​ការ​ពិត​ក្នុង​ចំណោម​ក្លឹប​ទាំង ៣២ គឺ Paris Saint-Germain នោះ​ឯង ដែល​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Luis Enrique បាន​គាស់​គីឡូ​ថ្មី​ស្ទើរ​ទាំង​ស្រុង នេះ​គេ​រំពឹង​ថា​គ្រូ​សញ្ជាតិ​អេស្ប៉ាញ​នឹង​អាច​ដឹកនាំ​ក្លឹប​បារាំង​កាន់​ពាន​អឺរ៉ុប ដូច​ជំនាន់​ធ្វើ​បាន​កាល​នៅ Barcelona ឆ្នាំ ២០១៥។

ពួក​គេ​បាន​ចំណាយ​ប្រាក់​សរុប ៣៤៥ លាន​អឺរ៉ូ តាម​ពី​ក្រោយ​ដោយ Manchester City ចាយ ២៣៩,១ លាន​អឺរ៉ូ បន្ទាប់​មក​គឺ Arsenal ចាយ ២៣៩,៩៤ លាន​អឺរ៉ូ ហើយ​ Man United ឈរ​លេខ​រៀង​ទី​បួន ចាយ​អស់ ២០៦,៧ លាន​អឺរ៉ូ និង RB Leipzig បិទ​ចំណាត់ថ្នាក់ Top 5 ចាយ​អស់ ១៥៧ លាន​អឺរ៉ូ។

បន្តបន្ទាប់​រួម​មាន Bayern Munich ចាយ ១៥៥ លាន, Newcastle ចាយ ១៤៥,២ លាន, Real Madrid ចាយ ១២៨,៥ លាន, AC Milan ចាយ ១១២,៥ លាន និង Napoli ចាយ ៨៥ លាន​អឺរ៉ូ។ តាម​ថា​ទៅ បើ Chelsea មាន​ឈ្មោះ​ក្នុង​ពាន​រង្វាន់​នេះ ក៏​ពួក​គេ​រំពឹង​នឹង​មាន​ចំណាត់ថ្នាក់​កំពូល​មួយ​ផង​ដែរ តែ​សោកស្តាយ​មិន​មាន​កៅអី​នៅ​ពាន​អឺរ៉ុប​ណា​មួយ​ឡើយ៕

ប្រភព៖ BeSoccer