Real កំណត់តម្លៃខ្សែការពារមួយរូប៦០លានអឺរ៉ូ ខណៈ Man Utd ក្នុងចំណោមក្លឹបបីដែលចាប់អារម្មណ៍

David Alaba ប្រឈមនឹងការលំបាកយ៉ាងខ្លាំង ក្នុងអាជីពរបស់ខ្លួននៅ Real Madrid រដូវកាលនេះ។ បន្ទាប់ពីអវត្តមានរបស់ Eder Militao ដោយសាររបួសជង្គង់ មានក្ដីរំពឹងថាប្រធានក្រុមជម្រើសជាតិអូទ្រីស អាចជំនួសកន្លែងរបស់កីឡាករប្រេស៊ីល បានយ៉ាងល្អ ប៉ុន្ដែមិនដូច្នោះទេ។

Alaba បានបង្កកំហុសដែលនាំឱ្យ Real Madrid រហូតគ្រាប់បាល់ជាច្រើននារដូវកាលនេះ ដែលនាំឱ្យកន្លែងរបស់គេនៅក្នុងក្រុម ស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ Antonio Rudiger លេងបានល្អជាងអតីតតារាឆ្នើមរបស់ Bayern Munich ហើយនៅពេលដែល Militao ត្រលប់មកវិញ អាចនឹងកាត់បន្ថយនាទីលេងរបស់ Alaba យ៉ាងច្រើន។

យោងតាមប្រភពពីសារព័ត៌មាន SPORT បានរាយការណ៍ថា ក្លឹប Real Madrid បានកំណត់តម្លៃផ្ទេរ៦០លានអឺរ៉ូ សម្រាប់ក្លឹបដែលចង់ទិញ Alaba។ ស្របពេលបច្ចុប្បន្នមានក្លឹបបីកំពុងចាប់អារម្មណ៍គឺ Manchester United, Juventus និង Al-Ittihad។

Real Madrid មានការភ្ជាប់នឹងការនាំយកខ្សែការពារកណ្ដាលវ័យក្មេងមកពង្រឹងក្រុម ហើយប្រសិនបើ Alaba ចាកចេញអាចបង្កើនលទ្ធភាពឱ្យការផ្ទេរនេះកើតឡើង។ ទោះយ៉ាងណាក្ដី ក្នុងដំណាក់កាលនេះ ខ្សែការពារវ័យ៣១ឆ្នាំ មិនមានបំណងចង់ចាកចេញពីទឹកដី Santiago Bernabeu នោះទេ៕

ប្រភព៖ Football Espana