Mourinho ពិត​ជា​សុំទោស Sanches រឿង​ប្តូរ​ចូល​ប្តូរ​ចេញ ត្រឹម​ចន្លោះ​ពេល ១៨ នាទី​

ក្លឹប AS Roma មិន​អាច​យក​ជ័យជម្នះ​ពី​ក្លឹប​ភ្ញៀវ Bologna បាន​ទេ​កាល​ពី​យប់មិញ ពោល​រង​បរាជ័យ ០-២ ទោះ​យ៉ាង​ណា​ចាប់​អារម្មណ៍​នៅ​កំឡុង​តង់​ទី​ពីរ ពាក់ព័ន្ធ​ការ​ប្តូរ​ចូល​ប្តូរ​ចេញ​ត្រឹម​ចន្លោះ​ពេល ១៨ នាទី នៃ Renato Sanches ហាក់​ធ្វើ​ឲ្យ​កីឡាករ​មាន​ភាព​ស្រងាក​ចិត្ត ហើយ​អ្នក​គាំទ្រ​ក៏​ងឿងឆ្ងល់​ណាស់​ដែរ។

ជា​ការ​ពិត​នៅ​ដើម​តង់​ទី​ពីរ Jose Mourinho ជា​អ្នកចាត់ការ បាន​ជ្រើស​ប្តូរ​ចូល Sanches លុះ​ដល់​ ១៨ នាទី​បន្ទាប់​ក៏​ប្តូរ​គេ​ចេញ​ត្រលប់​មក​វិញ ក្រោម​ហេតុផល​នៃ​ការ​សម្រេច​ចិត្ត​ដោយសារ​បញ្ហា​បច្ចេកទេស ខណៈ​កីឡាករ​មិន​មាន​ប៉ះ​ទង្គិច​កើត​របួស​អ្វី​ឡើយ។

បន្ទាប់​ចប់​ការ​ប្រកួត គ្រូ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​រៀបរាប់​ប្រាប់​ទៅ DAZN យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​សុំទោស​ជា​សាធារណៈ​ចំពោះ Renato Sanches វា​ពិត​ជា​រឿង​ដ៏​ពិបាក​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ តែ​សម្រាប់​ខ្ញុំ​ជា​អ្នកចាត់ការ​ក៏​ដូច​គ្នា​ដែរ ក្នុង​អាជីព​មួយ​នេះ ខ្ញុំ​ធ្លាប់​បាន​ធ្វើ​វា​តែ ៣ ទៅ ៤ លើក​ប៉ុណ្ណោះ វា​មិន​ជា​រឿង​ងាយ​ឡើយ”។

គួរ​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​បុរស​រួម​សញ្ជាតិ​ព័រទុយហ្គាល់​តែ​មួយ តែ​ការ​ប្រើប្រាស់​កីឡាករ​ខ្ចី​ជើង Sanches សម្រាប់ Mourinho គឺ​មាន​កំហិត​នៅ​រដូវ​កាល​នេះ។ ត្រង់​ស្ថិតិ​ឈរ​ជើង​ត្រឹម ៩ ប្រកួត គេ​អាច​រក​បាន ១ គ្រាប់ ភាគច្រើន​ជា​កីឡាករ​បម្រុង ឈរ​ជើង​សរុប​ត្រឹម ២២៨ នាទី៕

ប្រភព៖ DAZN