Jorginho បង្ហើបថាគ្មានការចរចាកុងត្រាថ្មីណាមួយ ត្រូវបានធ្វើឡើងឡើយ

ខ្សែបម្រើ Jorginho របស់ក្លិបកាំភ្លើងធំ Arsenal ថ្មីៗនេះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា គ្មានការពិភាក្សាណាមួយត្រូវបានធ្វើឡើង ជុំវិការបន្តកិច្ចសន្យាថ្មី នៅឯកីឡដ្ឋាន Emirates នោះទេ។

ជាក់ស្តែងលក្ខខណ្ឌបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអ៊ីតាលី គឺនៅត្រូវបញ្ចប់នៅដំណាច់រដូវកាលនេះហើយ ដោយនេះនឹងមានន័យថាគេមានសិទ្ធិក្នុងការចរចាជាមួយក្លិបបរទេស ជុំវិញការផ្ទេរដែលអាចកើតមាននៅទីផ្សាររដូវក្តៅខាងមុខ។

គួរឲ្យដឹងថា ចាប់តាំងពីបានផ្ទេរមកកាន់ក្លិប Arsenal ពីក្រុមតោខៀវ Chelsea មក Jorginho ហាក់មិនអាចស្វែងរកតំណែងលេងជាក់លាក់ណាមួយនៅក្នុងក្រុមនោះឡើយ ដោយជារឿយៗគេតែងអង្គុយនៅកៅបម្រុង ។

ហើយឥឡូវនេះ ដោយថ្លែងប្រាប់ទៅកាន់ Evening Standard បន្ទាប់ពីជ័យជម្នះកាលពីថ្ងៃអាទិត្យ ទៅលើ Liverpool ខ្សែបម្រើដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ បានបញ្ជាក់ថា មិនមានការពិភាក្សាណាមួយត្រូវបានធ្វើឡើង ជុំវិញស្ថានភាពកិច្ចសន្យាបច្ចុប្បន្នរបស់គេនោះឡើយ។

លើសពីនេះ Jorginho បាននិយាយទៀតថា ៖ ខ្ញុំកំពុងព្យាយាមរីករាយនឹងពេលវេលាក្នុងពេលបច្ចុប្បន្ននេះ និយាយដោយស្មោះត្រង់ទៅចុះ។ យើងមិនបាននិយាយអំពីវាទេ (កិច្ចសន្យារបស់ខ្ញុំ) ហើយខ្ញុំគ្រាន់តែចង់ឈ្នះការប្រកួតជាមួយ Arsenal”

ប្រភព: Sportsmole