Dortmund នឹងទិញផ្ដាច់ Sancho បើ Man Utd ព្រមទទួលតិចជាង៣៦លានផោន

យោងតាមប្រភពពី Sky Germany បានរាយការណ៍ថា ក្លឹប Borussia Dortmund មានឆន្ទៈក្នុងការចុះកុងត្រាជាអចិន្ដ្រៃយ៍សម្រាប់ Jadon Sancho ប្រសិនបើក្លឹប Manchester United ព្រមទទួលយកតម្លៃតិចជាងពាក់កណ្ដាលនៃទឹកប្រាក់ដែលពួកគេបានចំណាយទិញ កីឡាករអង់គ្លេសរូបនេះពីក្លឹបអាល្លឺម៉ង់។

Sancho បានត្រលប់ទៅ Dortmund វិញ ក្រោមកិច្ចសន្យាខ្ចីជើងកាលពីខែមករា បន្ទាប់ពីគេហាក់ប្រឈមនឹងការលំបាកក្នុងអាជីពនៅក្លឹបបិសាចក្រហម។

មានការរាយការណ៍ថា Sancho អាចនឹងផ្លាស់ទៅ Dortmund ជាអចិន្ដ្រៃយ៍ នៅពេលកុងត្រាខ្ចីជើងរូបគេអស់សុពលភាព ប៉ុន្ដែនាយកផ្នែកកីឡា Sebastian Kehl បាននិយាយថា ខ្សែប្រយុទ្ធស្លាបរូបនេះ ទំនងមិនបន្ដរួមរស់នៅអាល្លឺម៉ង់នោះទេ ដោយសារតម្លៃផ្ទេររបស់គេ ខ្ពស់ខ្លាំងពេក ហើយ Man Utd ចង់លក់រូបគេនៅរដូវក្ដៅខាងមុខ។

យោងតាមប្រភពពីសារព័ត៌មាន Sky Germany បានឱ្យដឹងថា ក្រុមដឹកនាំដោយលោក Edin Terzic អាចនឹងពិចារណាក្នុងការទិញ Sancho ប្រសិនបើ Man Utd យល់ព្រមកាត់បន្ថយតម្លៃផ្ទេរតិចជាង ៣៦លានផោន៕

ប្រភព៖ Be Soccer