អ្នក​ផ្សេង​ប៉ះ​បាន តែ AT Madrid ចាក់​សោ​កីឡាករ ៦ រូប​នេះ​ទុក​ហើយ អត់​ព្រម​លក់​ទេ

ក្លឹប​ក្រហម​ស Atletico Madrid ​ត្រូវ​បាន​គេ​រំពឹង​នឹង​មាន​ភាព​មមាញឹក​ខ្លាំង​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ តែ​យ៉ាង​ណា​ក៏​មាន​ការ​គិត​ទុក​ជា​មុន​រួច​ដែរ ក្នុង​ការ​បិទ​ផ្លូវ​កីឡាករ​សំខាន់ៗ​មិន​ឲ្យ​ចាកចេញ​ជា​ដាច់​ខាត ពោល​នរណា​ចរចា ​ដាក់​តម្លៃ​កល់​ប៉ុន្មាន ក៏​ក្លឹប​នឹង​មិន​មាន​ការ​អើពើ​ដែរ។

បើ​តាម​សារព័ត៌មាន Marca ទោះ​ក្លឹប​ជួប​បញ្ហា​ហិរញ្ញវត្ថុ​បន្តិចបន្តួច​នា​រយៈ​ពេល​ចុងក្រោយ ទាមទារ​ការ​លក់​ចេញ​កីឡាករ​ខ្លះ តែ​វា​អាច​មាន​ត្រឹម​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ តួ​យ៉ាង​ដូច Saul Niguez និង Angel Correa ដែល​ល្ហៀងៗ​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​តាំង​ទីផ្សារ​រដូវ​រងា នា​ឯ​ដើម​ឆ្នាំ។

ក៏​អាច​នឹង​មាន​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត ​តែ​ត្រឹម​ដឹង​សមាសភាព​ចំនួន ៦ រូប ដូច Jan Oblak, Koke Resurreccion, Antoine Griezmann, Samuel Lino, Rodrigo Riquelme និង Pablo Barrios គឺ​មិន​លក់​ចេញ​ជា​ដាច់​ខាត ហើយ​ពួក​គេ​ខ្លះ​នោះ ក៏​ល្ហៀងៗ​នឹង​ត្រៀម​ទទួល​បាន​កុងត្រា​ថ្មី​ទៀត​ផង។

ផែនការណ៍​របស់​ក្លឹប គឺ​សម្រួល​ការ​លក់​ចេញ​កីឡាករ​ស៊ី​ថ្លៃ​មួយ​ចំនួន ដែល​លែង​ជា​តម្រូវ​ការ​របស់​លោក Diego Simeone ត​ទៅ​ទៀត ត្រង់​ខ្លះ​ក៏​ស្ថិត​នៅ​ក្រោម​កម្រិត​ចង់​បាន​របស់​គ្រូ និង​កត្តា​អាយុ​ទាមទារ​ឲ្យ​មាន​ការ​ចាកចេញ​ជា​រឿង​ចាំ​បាច់​បំផុត​ក្លឹប​ត្រូវ​ធ្វើ​ពេល​ខាង​មុខ៕

ប្រភព៖ Marca