James Rodriguez មានការបើកចំហរក្នុងការត្រលប់ទៅ La Liga វិញ

អតីតតារាឆ្នើមរបស់ Real Madrid, James Rodriguez អាចនឹងមានការបើកចំហរចំពោះអនាគតរបស់ខ្លួនក្នុងការត្រលប់ទៅលេងក្នុងក្របខណ្ឌ La Liga វិញមុនពេលចូលនិវត្តន៍។

James បានសម្រេចការផ្ទេរទៅចូលរួម Real Madrid បន្ទាប់ពីគេបានបង្ហាញសមត្ថភាពដ៏ល្អ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី អំឡុងព្រឹត្តិការណ៍ FIFA World Cup 2014។

មានក្ដីរំពឹងថា ខ្សែបម្រើប្រយុទ្ធរូបនេះ អាចនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្លឹបយក្សអេស្ប៉ាញ តែអ្វីៗមិនស្ថិតនៅក្នុងគម្រោងនោះទេ។ James ត្រូវបានដាក់ឱ្យក្លឹប Bayern Munich ខ្ចីជើងមុនពេលគេផ្លាស់ទៅក្លឹបអង់គ្លេស Everton។ ក្រោយមកគេបានចូលរួមក្លឹបនៅកាតារ នៅក្រិក មុនពេលត្រលប់ទៅលេងនៅប្រេស៊ីល នាឆ្នាំ២០២៣។

អតីតម្ខាស់អាវលេខ១០របស់ Real Madrid រូបនេះ លេងបានយ៉ាងល្អក្នុងការប្រកួតដែលកូឡុំប៊ី ទទួលជ័យជម្នះ ១-០ លើអេស្ប៉ាញនៅទីក្រុងឡុងដ៍ ហើយគេមានការបើកចំហរក្នុងការត្រលប់ទៅលីគកំពូលអេស្ប៉ាញវិញ។

James បាននិយាយថា៖ “នៅពេលដែលអ្នកលេងសម្រាប់ក្រុមជម្រើសជាតិ អ្នកត្រូវតែលេងឱ្យបានល្អ។ នាពេលអនាគត ខ្ញុំអាចត្រលប់ទៅ La Liga វិញ នេះជាលីគដែលខ្ញុំចូលចិត្តលេង”៕

ប្រភព៖ Football Espana