Rooney ប្រដូចតារាវ័យក្មេង Mainoo ទៅនឹងម្ចាស់ជើងឯក World Cup ម្នាក់

វីរបុរសរបស់ក្រុមបិដាចក្រហម លោក Wayne Rooney បានប្រៀបធៀបកីឡាករវ័យក្មេង Kobbie Maino​o ទៅនឹងអតីតខ្សែបម្រើមួយរូប ដែលធ្លាប់ឈ្នះជើងឯក World Cup ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។

លោក Rooney បានប្រដូច Mainoo ទៅនឹងអតីតខ្សែបម្រើ Bayern Munich, Bastian Schweinsteiger ផ្អែកលើរបៀបលេង និងការសម្រេចចិត្តរបស់គេនៅលើទីលាន។

អតីតប្រធានក្រុមបិសាចក្រហម បាននិយាយថា៖ “ខ្ញុំគិតថា គេជាកីឡាករដ៏អស្ចារ្យមួយរូបដែលមានវ័យក្មេង ជាមួយនឹងភាពចាស់ទុំដែលគេបានបង្ហាញ។ នៅពេលដែលអ្នកបានឃើញកីឡាករវ័យក្មេងណាម្នាក់ចូលក្រុមធំ ពួកគេជាធម្មតាតែងតែមិនមានបទពិសោធ និងពិបាកសម្របនឹងមិត្តរួមក្រុម”។

“គេធ្វើឱ្យខ្ញុំនឹកឃើញដល់ Bastian Schweinsteiger ជាមួយនឹងអ្វីដែលគេលេង ហើយគេតែងតែមានការសម្រេចចិត្តដ៏ត្រឹមត្រូវ។ គេមានអនាគតភ្លឺស្វាង”៕

ប្រភព៖ Goal