Arsenal កំពុងត្រៀមផ្ទេរយកខ្សែការពាររបស់ Man City ម្នាក់ ចូលក្រុមនៅរដូវក្តៅខាងមុខ

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Joao Cancelo របស់ក្លិប Manchester City ក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ នៅទីផ្សារដោះដូរខាងមុខ។

ជាក់ស្តែង Cancelo ដែលបានជួបរឿងរកាំរកូសជាមួយអ្នកចាត់ការ Manchester City លោក Pep Guardiola កាលពីរដូវកាលមុន បច្ចុប្បន្ននេះ កំពុងរីករាយ ក្នុងការខ្ចីជើងរយៈពេលមួយរដូវកាល នៅឯក្លិប Barcelona ដោយរកបាន ៤គ្រាប់ និង assists ជាច្រើន ក្នុងការបង្ហាញខ្លួនសរុប ៣២លើក។

តែទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត The Sun បានឱ្យដឹងថា Barcelona មិនមានបំណងដំណើរការជម្រើសទិញផ្តាច់ ៤០លានផោន សម្រាប់ Cancelo នោះទេ។ ដូច្នេះហើយ ទើបអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងពិចារណា នាំយករូបគេត្រលប់មកលេងនៅ PL សារជាថ្មីម្តងទៀត។

ជម្រាបជូនផងដែរាថ Cancelo ដែលធ្លាប់​បាន​ចំណាយ​ពេល​ប្រាំមួយ​ខែ ​ក្នុងលក្ខខណ្ឌខ្ចីជើងនៅ Bayern Munich កាល​ពី​រដូវ​កាល​មុននោះ ត្រូវ​បាន​គេ​យល់ឃើញថា ហាក់មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បន្ត​ស្នាក់នៅទឹកដីអេស្ប៉ាញទៀត។ តែទោះជាយ៉ាងណាក៏ដោយ ដោយ Barca ហាក់គ្មានលទ្ធភាពនោះឡើយ ស្របពេល Man City ចង់លក់រូបគេ នៅពេលទីផ្សារដោះដូរបើកឡើងវិញ ៕

ប្រភព: Sportskeeda