Lahm ប្រាប់ពីក្រុមដែលមានប្រៀបឈ្នះ Euro 2024 តែមិនមែនអង់គ្លេស

វីរបុរសក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងក្លឹប Bayern Munich លោក Philipp Lahm បានអះអាងថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មិនមែនជាក្រុមមានប្រៀបក្នុងការឈ្នះជើងឯក EURO 2024 នារដូវក្ដៅនេះទេ ប៉ុន្ដែជាក្រុមមាន់គកបារាំង។

ក្រុមដឹកនាំដោយលោក Didier Deschamps កៀកនឹងឈ្នះជើងឯកពានអឺរ៉ុបកាលពីឆ្នាំ២០១៦ ពេលដែលពួកគេឈានដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្ដែបានបរាជ័យក្រោមថ្វីជើងរបស់ព័រទុយហ្កាល់។ នៅក្នុង EURO 2020 ពួកគេធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ស្វ៊ីស។

ថ្លែងក្នុងសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP, អតីតប្រធានក្រុម Bayern Munich លោក Lahm បាននិយាយថា៖ “បារាំងជាក្រុមដែលមានប្រៀបមួយ ខ្ញុំអាចនិយាយបានថា ពួកគេមានកីឡាករ៤០នាក់ដែលមានទេពកោសល្យ។ ពួកគេមានក្រុមដ៏មានលំនឹង ហើយអាចផ្លាស់ប្ដូរយ៉ាងងាយស្រួល ដោយប្ដូរចូលកីឡាករដែលមានសមត្ថភាពគ្រប់គ្រាន់លេងក្នុងជម្រើសដំបូង ប៉ុន្ដែអ្វីដែលកាន់តែសំខាន់នោះគឺ ការលេងជាក្រុមនៅលើទីលានប្រកួត”។

ព្រឹត្តិការណ៍ EURO 2024 នឹងចាប់ផ្ដើមនាថ្ងៃទី១៥ ខែមិថុនា ក្នុងទីក្រុងមូនិច ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងជួបតតាំងជាមួយស្កុតឡែន ក្នុងជំនួបបើកឆាក៕

ប្រភព៖ Goal