Xavi ដាស់តឿនកីឡាករវ័យក្មេងម្នាក់ឱ្យព្យាយាមរៀនសូត្របន្ថែម បើចង់បានឱកាសលេង

តាំងពីចូលរួម Barcelona ខ្សែប្រយុទ្ធ Vitor Rogue ពុំសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលានប្រកួតនោះទេ ហើយអ្នកចាត់ការ Xavi បានក្រើនរំឭកដល់កីឡាកររូបនេះ។

Roque ទទួលបានការរំពឹងខ្ពស់សម្រាប់ការចូលរួមក្លឹបនៅកាតាឡូញ៉ា បន្ទាប់ពីគេចាកចេញពី Athletico Paranense ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថាប្រមាណ៣៥លានអឺរ៉ូ បូកនឹងថ្លៃលក្ខខណ្ឌផ្សេងៗបន្ថែមទៀត។

ទោះយ៉ាងណាក្ដី កីឡាករប្រេស៊ីល ពុំសូវទទួលបានឱកាសលេងក្នុងក្រុមរបស់លោក Xavi នោះទេ ហើយអ្នកចាត់ការរូបនេះ បានពន្យល់ថាយុវជនវ័យ១៩ឆ្នាំ មានរឿងជាច្រើនដែលត្រូវរៀនសូត្រ មុនពេលទទួលបានឱកាសលេងទៀងទាត់ ក្នុងក្រុមអ្នកមានបុណ្យ។

លោក Xavi បាននិយាយថា៖ “គេជាកីឡាករដែលជួយយើងបានច្រើនណាស់ បើទោះបីជាពេលខ្លះ គេមិនបានចូលរួមលេងក៏ដោយ។ ក្នុងជំនួបទល់ Cadiz គេអាចនឹងមាននាទីលេង ព្រោះគេសក្ដិសមទទួលបាន ហើយយើងជឿជាក់លើគេ ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់”។

“យើងមានឥទ្ធិពលយ៉ាងច្រើនទៅលើរបៀបដែលគេ គួរតែយល់ពីការប្រកួត។ យើងផ្ដោតច្រើនទៅលើបញ្ហាតាក់តិក។ គេជាកីឡាករបាល់ទាត់ម្នាក់ ដែលពូកែរកចន្លោះ ហើយខ្ញុំប្រាកដថា យើងនឹងទទួលបានផលចំណេញពីរឿងនេះ”។

“គេមានគុណភាពពីធម្មជាតិ ដែលសំខាន់ ហើយបានបង្ហាញចេញមក។ គេមានសមត្ថភាព ប៉ុន្ដែមានរឿងជាច្រើនដែលគេត្រូវរៀនសូត្រ ហើយនោះជាអ្វីដែលយើងកំពុងតែធ្វើ។ យើងបានត្រៀមវីដេអូសម្រាប់គេ ដើម្បីបង្ហាញពីរឿងដែលគេត្រូវផ្ដោតយកចិត្តទុកដាក់”៕

ប្រភព៖ Goal