កីឡាករ Real Madrid ពីររូប សុំមិនស៊ុតប៉េណាល់ទី​ ទល់នឹង Man City

Real Madrid បានធានាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League បន្ទាប់ពីបានទម្លាក់ Manchester City ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី កាលពីថ្ងៃពុធ។

ក្រុមដឹកនាំដោយលោក Carlo Ancelotti ទទួលបានជ័យជម្នះលើក្រុមការពារជើងឯក Man City ពីការស៊ុតបាល់១១ម៉ែត្រ ៤-៣ ដែលធ្វើបានសម្រេចដោយ Jude Bellingham, Nacho, Lucas Vazquez និង Antonio Rudiger ខណៈការស៊ុតរបស់ Luka Modric ត្រូវបានអ្នកចាំទីរបស់ Man City ជួយសង្គ្រោះ។

ទោះយ៉ាងណាក្ដី លោក Davide Ancelotti ដែលជាជំនួយការគ្រូបង្វឹក បានទម្លាយឱ្យដឹងថា មានកីឡាករដែលសុំមិនស៊ុតបាល់១១ម៉ែត្រ។

លោកនិយាយថា៖ “Federico (Valverde) ត្រូវបានជ្រើសរើសជាអ្នកស៊ុតបាល់ទី៥ ប៉ុន្ដែគេបានប្រាប់ខ្ញុំថា គេហត់នឿយខ្លាំងណាស់ ដូច្នេះយើងបានសម្រេចចិត្តយក Rudiger វិញ។ វាអាស្រ័យទៅលើក្រុមការងារគ្រូបង្វឹក ថាត្រូវជ្រើសរើសនរណា”។

មានការរាយការណ៍ផងដែរថា ខ្សែការពារ Eder Militao សុំមិនស៊ុតបាល់១១ម៉ែត្រ ដោយសារតែ Ederson ជាមិត្តរួមក្រុមជម្រើសជាតិប្រេស៊ីល ហើយអាចនឹងដឹងពីចលនារបស់គេនៅក្នុងការស៊ុតបាល់១១ម៉ែត្រ៕

ប្រភព៖ Football Espana