ក្រោយទៅដល់ Sevilla ខ្សែប្រយុទ្ធ Munir មិនភ្លេចរំលឹករឿងឈឺចាប់ ដែលគ្រូ Barca បានប្រាប់រូបគេ

ខ្សែប្រយុទ្ធចំនូលថ្មីរបស់ក្លឹប Sevilla កីឡាករ Munir El Haddadi បានអះអាងថា គ្រូបង្វឹក Ernesto Valverde របស់ Barcelona បានហាមឃាត់រូបគេ មិនអោយចូលលេង តាមការចាត់ចែងរបស់ក្លឹប ដោយសារតែរូបគេមិនព្រមបន្ដកុងត្រាថ្មី។

Munir ជាកីឡាករដែលលេចធ្លោមួយរូបក្នុងចំនោម កីឡាករមកពីថ្នាលយុវជនរបស់ Barca ប៉ុន្ដែរូបគេហាក់មិនអាចដណ្ដើមប្រជាប្រិយភាព និង ឱកាសនៃការចូលលេងនៅក្នុងឈុតធំរបស់ក្លឹបនៅតំបន់ប្រយុទ្ធ។

បន្ទាប់ពីមានឱកាសជាប់ជម្រើសដំបូងតែ១ប្រកួតក្នុងរយៈពេលពាក់កណ្ដាលរដូវកាល Munir បានប្រាប់ទៅក្លឹបថា រូបគេមានបំណងចាកចេញ នៅពេលដែលផុតកុងត្រានៅចុងរដូវកាលនេះ។

ប៉ុន្ដែ Sevilla ទទួលបានឱកាសក្នុងការចចារ ហើយបានសំរេចនាំយករូបគេទៅចូលរួមនៅខែមករានេះ។

Munir បាននិយាយថា៖ “នៅពេលដែលខ្ញុំបានត្រលប់ពីលំហែកាយ(នៅដើមខែមករា) ខ្ញុំបានប្រាប់ទៅក្លឹបថា ខ្ញុំមិនចង់តកុងត្រានោះទេ។

“គ្រូបង្វឹក[Valverde] បានប្រាប់ខ្ញុំថា គាត់ទទួលបញ្ជាពីថ្នាក់លើ ក្នុងការហាមឃាត់ក្នុងការដាក់ខ្ញុំអោយចូលលេង។ ខ្ញុំព្យាយាមហ្វឹកហាត់ ហើយខ្ញុំមានសំណាង ដែលបានចូលរួមជាមួយ Sevilla មុនខែមិថុនាមកដល់។

ប្រភព៖ AS