Barcelona ត្រូវអស់លុយ ៥លានអឺរ៉ូ ក្រោយឈ្នះ Girona ២-០ កាលពីយប់ម៉ិញ

ខ្សែការពារស្លាបស្ដាំ Nelson Semedo បានចូលរួមចំនែកយ៉ាងសកម្ម ក្នុងការដណ្ដើមបីពិន្ទុទៅអោយ Barcelona ដោយរូបគេក៏បានរកគ្រាប់បាល់បញ្ចូលទី បានមួយគ្រាប់ផងដែរក្នុងការប្រកួតជ័យជំនះ ២-០។

ហើយវាជាថ្ងៃដែលរីករាយសំរាប់ អតីតក្លឹប Benfica របស់ខ្សែការពារព័រទុយហ្គាល់រូបនេះផងដែរ បន្ទាប់ពីរូបគេបានបង្ហាញខ្លួននៅលើទីលានបាន ៥០ប្រកួត សំរាប់ក្រុមកាតាឡាន់។

ហើយបើយោងតាមកាសែតព័រទុយហ្គាល់ A Bola បានអះអាងថា បើសិនជាកីឡាកររូបនេះ ចូលលេងបានលើសពី៤៥នាទី ឡើង គ្រប់៥០ប្រកួត មានន័យថាក្លឹប Benfica នឹងទទួលបាន៥លានអឺរ៉ូ ដែលជាលក្ខខណ្ឌកំនត់ក្នុងការដោះដូរខ្សែការពារវ័យ ២៥ឆ្នាំ។

គួរបញ្ជាក់ថា Barca បានចុះហត្ថលេខានាំយក Semedo កាលពីឆ្នាំ ២០១៧ ក្នុងតំលៃខ្លួន ៣០លានអឺរ៉ូ ជាមួយនឹងលក្ខខណ្ឌ ៥លានអឺរ៉ូបន្ថែម ដែលបានជំរាបខាងលើនេះ។ ហើយខ្សែការពាររូបនេះ មានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២២ ហើយអាចជួយអោយក្លឹបព័រទុយហ្គាល់ ទទួលបាន៥លានអឺរ៉ូបន្ថែមទៀត បើរូបគេបានបង្ហាញខ្លួនសរុប ១០០ប្រកួត៕

ប្រភព៖ SPORT