Chelsea បានសម្រេចហើយថានរណា នឹងមកដឹកនាំក្រុមបណ្តោះអាសន្ន បើ Sarri ត្រូវបណ្តេញចេញ

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាតោខៀវ Chelsea នឹងមិនគ្មានអ្នកមកជំនួសដំណែងជាអចិន្ត្រៃយ៍របស់លោក Maurizio Sarri នោះទេ ប្រសិនបើគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានបណ្តេញចេញ ហើយនឹងប្រគល់តំណែងគ្រូបង្វឹកបណ្តោះអាសន្នទៅឲ្យលោក Gianfranco Zola ជំនួសវិញ រហូតដល់រដូវក្តៅក្រោយ ។

ជាក់ស្តែង Sarri កំពុងស្ថិតក្នុងភាពចម្រូងចម្រាសសម្រាប់អនាគតរបស់គាត់នៅទឹកដី Stamford Bridge បន្ទាប់ពីការបរាជ័យដោយលទ្ធផល 6-0 កាលពីថ្ងៃអាទិត្យ ទល់នឹងក្រុម Manchester City – ហើយការបរាជ័យដ៏ធំបំផុតមួយរបស់ក្រុម Chelsea ចាប់តាំងពីឆ្នាំ 1991 មក ខណ:ក្រុមតោខៀវបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ 6 នៅក្នុងតារាងក្របខ័ណ្ឌ Premier League ។

យ៉ាងណាមិញ Chelsea នៅតែមិនទាន់ធ្វើការសំរេចចិត្តថា Sarri នឹងត្រូវបណ្តេញចេញឬយ៉ាងណានោះទេ បើទោះបីជាប្រធានក្លឹបលោក Roman Abramovich មានការភ្ញាក់ផ្អើលចំពោះការបរាជ័យនេះ នឹងបានផ្តល់ឱកាសដើម្បីស្តាមុខមាត់ឡើងវិញ ។

ប៉ុន្តែប្រសិនបើលោក Sarri ត្រូវគេបញ្ចប់ការងារនៅមុនរដូវកាលនេះបញ្ចាប់នោះ របាយការណ៍ពី Sport Mediaset បានរាយការណ៍ថាជំនួយការគ្រូបង្វឹកលោក Zola នឹងត្រូវទទួលបន្ទុកជំនួសរហូតដល់ចុងរដូវកាលនេះ ៕

ប្រភព: Metro