Cafu ជឿ​ថា​ក្រុម​មួយ​នេះ​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ CL ទោះ​សព្វថ្ងៃ​កំពុង​ជួប​បញ្ហា

Cafu អតីត​ជើង​ចាស់​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ក្លឹប Paris Saint-Germain នៃ​លីគ​កំពូល​បារាំង​នឹង​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​ថ្វី​បើ​ត្រូវ​អវត្តមាន Neymar ដែល​ជា​តារា​សំខាន់​ក៏​ដោយ។

កន្លង​ទៅ​នា​ជើង​ទី ១ ទើប​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ Old Traffordនៅ​លទ្ធផល ២-០ បាន​បង្កើន​ភាព​កក់ក្តៅ​កាន់​តែ​ខ្លាំង​សម្រាប់​ក្រុម​អ្នក​មាន​បារាំង​មុន​វិល​ដល់​ប្រកួត​ជើង​ទី ២ នៅ​ទីក្រុង​ប៉ារីស​នា​ដើម​ខែ​ក្រោយ។

Cafu ដែល​ធ្លាប់​លើក​ពាន​រង្វាន់​នេះ​ជាមួយ AC Milan កាល​ពី​ឆ្នាំ ២០០៦-០៧ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា៖ “ក្រុម​ទាំង ១៦ ដែល​មក​ដល់​វគ្គ​នេះ​គឺ​ពិត​ជា​ពោរពេញ​ដោយ​ឥទ្ធិពល​ក្នុង​ការ​យក​ជ័យជម្នះ ថ្វី​បើ​អ្នក​ត្រូវ​បាត់បង់​តារា​ឆ្នើម​ប្រចាំ​ក្រុម​ឬ​អត់​ក៏​ដោយ”។

ជជែក​បន្ត​កាល​ពី​ថ្ងៃ​អាទិត្យ Cafu បន្ថែម៖ “តាម​ពិត​ទៅ PSG អាច​នឹង​បន្ត​អវត្តមាន Neymar ប៉ុន្តែ​ប្រសិន​យើង​មើល​ការ​ប្រកួត​នៅ​ជើង​ទី ១ ជំនួប​ក្រៅ​ដី​ជាមួយ​ជោគជ័យ​ដែល PSG បាន​ធ្វើ ​គឺ​អាច​ថា​ពួក​គេ​មាន​ឱកាស​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​ពិត​មែន”។

ប្រភព: FoxSportAsia