កីឡាករ Man Utd ម្នាក់ ត្រូវគេឃើញលួចសម្រក់ទឹកភ្នែក នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយស្មើ Chelsea

ក្រុមបិសាចក្រហម Manchester United កំពុងតែព្រួយចិត្ត ក្រោយខ្សែការពារដ៏រឹងមាំ​ កីឡាករ Eric Bailly បានរងរបួសជង្គង់របស់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងការប្រកួតស្មើដោយលទ្ធផល 1-1 ជាមួយក្រុម Chelsea នៅទឹកដី Old Trafford ។

គួរបញ្ជាក់ថាកីឡាករ Juan Mata និង Marcos Alonso ជាអ្នករកគ្រាប់បាល់នៅតង់ទី 1 ខណៈដែលលទ្ធផលនេះត្រូវបានរក្សារហូតដល់ចប់ការប្រកួត ដែលធ្វើឲ្យការប្រកួតប្រជែងសម្រាប់តំណែងកំពូលទាំង ៤ នៅក្នុងលីគកាន់តែមានភាពស្ថិតស្វាញ ។

យ៉ាងណាមិញ Bailly បានវិលមកបង្ហាញខ្លួនជាលើកដំបូងរបស់គេ ចាប់តាំងពីការបរាជ័យក្នុងប្រកួតជើងទី ១ របស់ក្រុម Man Utd ទល់នឹងក្រុម Saint-Germain នៅថ្ងៃទី 6 ខែមីនា ខណ:ដែលគេបានទទួលការខកចិត្តសារជាថ្មី ជាមួយនឹងការទទួលរងរបួសមួយផ្សេងទៀត ។

ជាក់ស្តែងខ្សែការពាររូបនេះបានដួល នឹងឱបជង្គង់របស់គេ ដោយក្តីឈឺចាប់ បន្ទាប់ពីកាលស្លាយយកបាល់របស់កីឡាករ Ander Herrera ពីកីឡាករ Mateo Kovacic នឹងបន្តទៅប៉ះទង្គិចដល់ Bailly ខណ:ដែលគេមិនអាចបន្តការប្រកួតតទៀតបាននោះទេ ដោយគ្រូបង្វឹកសម្រេចចិត្តផ្លាស់ប្តូរកីឡាករ Marcos Rojo ចូលជំនួស ។

មិនតែប៉ុណ្ណោះដោយយោងតាម The Sun បានឱ្យដឹងថា Bailly ត្រូវបានគេឃើញស្រក់ទឹកភ្នែកនៅក្នុងបន្ទប់សំលៀកបំពាក់របស់ក្រុម United ដោយសារភាពធ្ងន់ធ្ងរនៃរបួសរបស់គេ ៕

ប្រភព: Daily Mail