Cillessen ទំលាយហេតុផល ដែលរូបគេព្រមចែកផ្លូវគ្នាជាមួយ Barcelona ហើយចូលរួមជាមួយ Valencia

អ្នកចាំទី Jasper Cillessen មានការធុញធាប់ ក្នុងការអង្គុយកៅអីបមុ្រងនៅ Barcelona ហើយរូបគេយល់ថា វាមិនមែនជាការដើរថយក្រោយនោះទេ ក្នុងការផ្ទេរមកកាន់ Valencia។

ក្លឹបប្រចៀវ Valencia បានចំណាយ ៣៥លានអឺរ៉ូ កាលពីខែមិថុនា ដើម្បីធានាការផ្ទេររបស់អ្នកចាំទីសញ្ជាតិហូឡង់រូបនេះ ដែលបានចំណាយពេល៣រដូវកាលនៅទឹកដី Camp Nou ជាអ្នកចាំទីដៃទី២ បន្ទាប់ពី Marc-Andre Ter Stegen។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនតែ ១២ប្រកួតប៉ុណ្ណោះសំរាប់ barca កាលពីរដូវកាលមុន ហើយរូបគេរំពឹងថាការផ្ទេរចេញមកកាន់ទ្រនំថ្មី នឹងធ្វើអោយអាជីពរបស់គេកាន់តែមានភាពប្រសើរមួយកំរិតទៀត។

Cillessen បាននិយាយថា៖ “ខ្ញុំមិនមានបញ្ហាអ្វីជាមួយ Barcelona ឬ មិត្តរួមក្រុមណាមួយឡើយ។ សំរាប់ខ្ញុំអ្វីដែលសំខាន់គឺបានចូលលេង។ វាជាហេតុផលដែលខ្ញុំមកទីនេះ។

“សំរាប់ខ្ញុំ ការចូលរួមជាមួយ Valencia មិនមែនជាការដើរថយក្រោយឡើយ។ រវាងការអង្គុយកៅអីបម្រុងនៅ Barcelona ឬ ចូលលេងនៅ Valencia គឺការលេងនៅ Valencia មានភាពប្រសើរជាង។”

ប្រភព៖ Be Soccer