Pique បង្ហើបឈ្មោះមិត្តជិតស្និទ្ធរបស់ខ្លួន ដែលលេងឲ្យ Real Madrid

Gerard Pique បាននិយាយនៅក្នុងកម្មវិធី El Larguero របស់វិទ្យុ Cadena Ser កាលពីថ្ងពុធ ហើយបានបង្ហើបពីកីឡាករ Real Madrid ដែលរូបគេមានទំនាក់ទំនងល្អជាមួយ។

ខ្សែការពាររបស់ Barcelona រូបនេះ បានលើកឡើងថា ទោះបីជាពួកគេស្ថិតនៅក្នុងក្លឹបជាគូប្រជែងនឹងគ្នាមែន ប៉ុន្ដែ រូបគេ ហើយនឹងកីឡាករ Real ដែលធ្លាប់លេងនៅជម្រើសជាតិអេស្ប៉ាញជាមួយគ្នា គឺជាមិត្តល្អ។

អតីតខ្សែការពារជម្រើសជាតិអេស្ប៉ាញរូបនេះ បាននិយាយថា៖ “ខ្ញុំមានទំនាក់ទំនងល្អជាមួយ Nacho និង Lucas Vazquez ផងដែរ។ ខ្ញុំប្រហែលជាមិនអាចនិយាយថា Sergio Ramos បាននោះទេ ហើយយើងជាមិត្តនឹងគ្នា ប៉ុន្ដែយើងមានទំនាក់ទំនងជិតស្និទ្ធ ហើយមានការគោរពគ្នាច្រើនណាស់។

“ចំណែកជាមួយ Morata ក៏ដូចគ្នា ដែលបច្ចុប្បន្នរូបគេមិននៅលេងឲ្យ Real Madrid ទៀតទេ(បច្ចុប្បន្នជាកីឡាករ Atletico Madrid)។​ ខ្ញុំនៅតែមានទំនាក់ទំនងយ៉ាងល្អជាមួយពួកគេ។”

Pique បានលើកមកនិយាយនូវបញ្ហាទំនាក់ទំនងមិត្តរួមក្រុមនៅ Barcelona, Lionel Messi និង Antoine Griezmann ក្រោយមានចចាមអារ៉ាមជាហូរហែរ ថាកីឡាករឆ្នើមពីររូបនេះ មិនមានការចុះសម្រុងនឹងគ្នា។

កាលពីដើមខែកន្លងទៅ កីឡាករចំណូលថ្មី Griezmann បានលើកឡើងថា រូបគេមានការពិបាក ដើម្បីទំនាក់ទំនងគ្នា ជាមួយនឹងប្រធានក្រុម Barca ដោយសារពួកគេទាំងពីរ សុទ្ធតែមិនពូកែនិយាយដូចគ្នា។

មានចចាមអារ៉ាមមួយចំនួន បានផ្សាយថា Messi បានជំទាស់ក្លឹបក្នុងការនាំយក ខ្សែប្រយុទ្ធបារាំងមកចូលរួម ដោយរូបគេចង់បានអតីតមិត្តរួមក្រុម Neymar ត្រលប់មកវិញជាង។

Pique & Griezmann

ទោះយ៉ាងណាក្ដី Pique បានទំលាយពីទំនាក់ទំនងរវាង ខ្សែប្រយុទ្ធទាំងពីរនៅក្នុងកម្មវិធីរបស់វិទ្យុ Cadena SER ដោយអះអាងថា ខ្សែប្រយុទ្ធទាំងពីររូបនេះ មានទំនាក់ទំនងល្អនឹងគ្នាធម្មតា។

ខ្សែការពារវ័យ៣២ឆ្នាំរូបនេះបាននិយាយថា៖ “នៅទីនេះ មានការពន្លើសគ្រប់យ៉ាងច្រើនណាស់។ Leo និង Grizi មានទំនាក់ទំនងល្អ ដូច Leo និង Dembele ផងដែរ ឬដូច Leo ជាមួយ Pedro ឬ Villa ជាដើម។ វាល្អ ហើយជាមួយ Luis ពួកគេដូចជាបងប្អូននឹងគ្នាអ៊ីចឹង។

“ដោយសារតែគេមិនសូវស្និទ្ធស្នាលជាមួយ Griezmann ដូច Luis មិនមែនមានន័យថា ពួកគេមានបញ្ហានឹងគ្នាទេ។”

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ [វីដេអូ] Ronaldo រងការរិះគន់ ថាបានធ្វើពុតជាដួល ដើម្បីបានបាល់ប៉េណាល់ទី

អ្នកគាំទ្រមួយចំនួន បានរិះគន់ Cristiano Ronaldo សំរាប់ការធ្វើពុតជាដួល ដើម្បីទទួលបានបាល់ប៉េណាល់ទីចុងម៉ោង ក្នុងការប្រកួតជ័យជំនះឲ្យក្រុម Juventus ទល់នឹង Genoa នៅលីគកំពូលអ៊ីតាលី។

ពេលដែលការប្រកួតកៀកនឹងបញ្ចប់ Ronaldo បានព្យាយាមញាក់បាល់ពីកីឡាករក្រុម Genoa ដើម្បីមានឱកាសស៊ុតបញ្ចូលទី ប៉ុន្ដែបានទាក់ជើងជាមួយខ្សែប្រយុទ្ធ Antonio Sanabria ហើយដួលនៅតំបន់គ្រោះថ្នាក់។

ប៉ុន្ដែបើមើលទៅ វាហាក់ដូចជាមិនមានការប៉ះទង្គិចធ្ងន់ធ្ងរ ទើបធ្វើឲ្យមានការរិះគន់ ពីសំណាក់អ្នកគាំទ្របាល់ទាត់មួយចំនួន ថាតារាឆ្នើមព័រទុយហ្គាល់រូបនេះ បានធ្វើពុតជាដួល។

ទស្សនាវីដេអូខាងក្រោម៖

គួររំឮកថា Ronaldo ស៊ុតបាល់ប៉េណាល់ទីចុងម៉ោង រកជ័យជំនះសំរាប់ Juventus ក្នុងការប្រកួតទល់នឹងក្រុម Genoa ដោយលទ្ធផល ២-១ កាលពីយប់ម៉ិញ។

ក្រុមភ្ញៀវ Genoa រំពឹងថាបាន១ពិន្ទុ សំរាប់ការប្រកួតដ៏តានតឹង នៅក្រោមការដឹកនាំការប្រកួតទី២របស់លោក Thiago Motta ក្រោយពី Christian Kouame បានរកគ្រាប់បាល់តាមស្មើ បន្ទាប់ពី Leonardo Bonucci តែតបញ្ចូលទីបើកឆាកសំរាប់ Juve នៅនាទីទី ៣៦។

ក្រុមទាំងពីរសុទ្ធតែមានកីឡាករត្រូវបានបណ្ដេញចេញពីការប្រកួតនៅក្នុងតង់ទី២គឺ Francesco Cassata របស់ Genoa និង Adrien Rabiot របស់ Juventus មុនពេលដែល Ronaldo រកគ្រាប់បាល់ជ័យជំនះទាំងប្រផុតប្រផើយ។

សំរាប់លទ្ធផលនេះ មានន័យថា Juve អាចត្រលប់ទៅកាន់កំពូលតារាង Serie A សារជាថ្មី ដែលនាំមុខ Inter Milan ដែលបានយកឈ្នះក្រុម Brescia ២-១ កាលពីម្សិលម៉ិញ៕