១០ រូបនេះ នាមកីឡាករអាស៊ីថ្លៃបំផុត ខណៈ “Messi ជប៉ុន” ឈរលេខ ៤

បច្ចុប្បន្ន យើងសង្កេតឃើញថា ក្នុងវិស័យបាល់ទាត់តំបន់អឺរ៉ុប មានកីឡាករបាល់ទាត់ដែលមានដើមកំណើតជាជនជាតិអាស៊ីជាច្រើន កំពុងតែប្រឡូកនៅក្នុងវិស័យមួយនេះ ហើយក៏ទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ដូចជាកីឡាករ Sinji Kagawa, Park Ji-Sung, Yuto Nagatomo ដែលសុទ្ធសឹងតែជាកីឡាកររៀមច្បង ធ្លាប់ទទួលបានកេរិ៍្តឈ្មោះយ៉ាងល្បីល្បាញ។

Park Ji-Sung

ដោយឡែកសម្រាប់អត្ថបទនេះវិញ CamboTrends នឹងណែនាំប្រិយមិត្តឲ្យមកស្គាល់កីឡាករអាស៊ីទាំង ១០ រូបនាពេលបច្ចុប្បន្នដែលកំពុងតែមានតម្លៃខ្លួនថ្លៃបំផុតវិញម្ដង។ បើតាមរបាយកាណ៍ដែលទទួលបានពីគេហទំព័រ Sportskeeda បានចុះផ្សាយថា កីឡាករអាស៊ីទាំង ១០ រូបនោះមានដូចខាងក្រោម៖

១០. Wu Lei (សញ្ជាតិចិន/លេងនៅក្លឹប RCD Espanyol) មានតម្លៃខ្លួន ៨ លានអឺរ៉ូ

ជា​កីឡាករ​ជនជាតិ​ចិន​តែ​មួយ​រូប​គត់ ដែល​កំពុង​មាន​ឈ្មោះ​លេង​នៅ​លីគ​កំពូល​អឺរ៉ុប ដោយ Wu Lei មក​ដល់​ក្លឹប Espanyol នៅ​ឆ្នាំ ២០១៨ ក្រោយ​ចាយ​ពេល​ជោគជ័យ​អស់ ១៤ ឆ្នាំ​នៅ​ប្រទេស​កំណើត។

ស្លាប​ប្រយុទ្ធ​រូប​នេះ ធ្លាប់​ជា​កីឡាករ​ស៊ុត​បាន​ច្រើន​បំផុត​លំដាប់​ទី ២ នៅ​លីគ​កំពូល​ចិន​ដោយ​រក​បាន ១០២ គ្រាប់ និង​ជា​កីឡាករ​បង្ហាញ​ខ្លួន​នៅ​វ័យ​ក្មេង​បំផុត​តាំង​ពី​អាយុ ១៤ ឆ្នាំ​មក​ម្ល៉េះ។

៩. Daichi Kamada (សញ្ជាតិជប៉ុន/លេងនៅក្លឹប Eintracht Frankfurt) មានតម្លៃខ្លួន ៨​ លាន​អឺរ៉ូ

Daichi Kamada ត្រូវបានគេចាត់ទុកថាជា កីឡាករវ័យក្មេងដ៏កំពូលមួយរូបនៅប្រទេសជប៉ុន ដោយសារតែបច្ចេកលេងបាល់យ៉ាងល្អរបស់គេ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះក៏បានបង្ហាញសមត្ថភាពដ៏បិនប្រសព្វនារដូវកាលនេះផងដែរ សម្រាប់ព្រឹត្តិការណ៍ Europa League ដោយរកបាន ៦ គ្រាប់ សរុបទាំងការរកបាន Hat-trick ពេលប៉ះនឹងក្រុម​ RB Salzburg។

៨.Takumi Minamino (សញ្ជាតិជប៉ុន/លេងនៅក្លឹប Liverpool) មានតម្លៃខ្លួន ១០ លានអឺរ៉ូ

ចំពោះកីឡាកររូបនេះវិញអាចនឹងត្រូវបានគេស្គាល់ច្រើនជាងអ្នកទាំង ២​ ខាងលើ ដោយសារតែទើបផ្ទេរមកកាន់ក្រុមហង្សក្រហមនៅដើមឆ្នាំ ២០២០ តែមកទល់នឹងពេលនេះទើបតែបានបង្ហាញខ្លួន ៣ ប្រកួតគត់នៅ Premier League។

៧. Hwang Hee-chan (សញ្ជាតិកូរ៉េខាងត្បូង/លេងនៅក្លឹប RB Salzburg) មានតម្លៃខ្លួន ១០ លានអឺរ៉ូ

ដោយឡែកសម្រាប់ Hwang Hee-chan​ វិញត្រូវបានគេចាត់ទុកជា តារាឆ្នើមមួយរូបរបស់ក្រុម RB Salzburg ហើយសម្រាប់រដូវកាលនេះ គេរកបាន ១៣ គ្រាប់ និង Assist ១៦ លើក សម្រាប់ការបង្ហាញខ្លួនសរុប ២៩ ប្រកួត។

៦.Takehiro Tomiyasu (សញ្ជាតិជប៉ុន/លេងនៅក្លឹប Bologna FC) មានតម្លៃខ្លួន ១៣ លានអឺរ៉ូ

Takehiro Tomiyasu បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងថ្ងៃដែលរូបគេបង្ហាញខ្លួនលើកដំបូងជាមួយនឹងក្រុម Bologna ពោលគឺគេទទួលបាននាមជា MOTM (Man Of The Match) និងបន្តទទួលបានបានងារជាកីឡាករល្អបំផុតប្រចាំខែសីហានៅក្របខណ្ឌ Serie A ថែមទៀតផង។

៥. Lee Kang-in (សញ្ជាតិកូរ៉េខាងត្បូង/លេងនៅក្លឹប Valencia) មានតម្លៃខ្លួន ១៣,៥ លានអឺរ៉ូ

កីឡាករអាស៊ីរូបនេះវិញ ត្រូវបានក្រុមប្រចៀវ Valencia យកមកបណ្ដុះបណ្ដាលអស់រយៈពេលរាប់ឆ្នាំមកហើយ ពោលគឺតាំងពីរូបគេមានវ័យត្រឹម ១០ ឆ្នាំមកម៉្លេះ។ រហូតដល់ឆ្នាំ ២០១៨ ទើបរូបគេមានឈ្មោះលេងនៅឈុតធំ និងជាចំណែកមួយដែលជួយឲ្យក្រុមទទួលបានជោគជ័យក្នុងការលើកពាន Copa Del Rey កាលពីឆ្នាំទៅផងដែរ។

៤. Takefusa Kubo (សញ្ជាតិជប៉ុន/លេងនៅក្លឹប RCD Mallorca) មានតម្លៃខ្លួន ១៣,៥ លានអឺរ៉ូ

ចំពោះកីឡាករដែលទទួលបានរហស្សនាមជា “Messi ជប៉ុន” វិញបានផ្ទេរមកកាន់ក្រុម Real Madrid ដោយគ្មានតម្លៃខ្លួននៅឆ្នាំ ២០១៩ ប៉ុន្តែហាងឆេងថ្លៃខ្លួនបច្ចុប្បន្នគឺថ្លៃប្រមាណ ១៣,៥ លានអឺរ៉ូហើយ។ កីឡាករវ័យ ១៨ ឆ្នាំក៏បានអ្នកគាំទ្រកោតសរសើរពីសមត្ថភាពនៃការបញ្ជូនបាល់ ​និងការស៊ុតពីចម្ងាយដ៏បិនប្រសព្វរបស់គេផងដែរ។

៣. Sardar Azmoun (សញ្ជាតិអ៊ីរ៉ង់/លេងនៅក្លឹប Zenit St.Petersburg) មានតម្លៃខ្លួន​ ១៤,៥ លានអឺរ៉ូ

សម្រាប់កីឡាករ Sardar Azmoun ត្រូវបានកាសែតអង់គ្លេសដាក់រហស្សនាមឲ្យគេថាជា “Messi អ៊ឺរ៉ង់” ក្រោយការចូលរួមលេងជាមួយនឹងក្រុម Zenit St.Petersburg កាលពីឆ្នាំ ២០១៨ និងរកបាន ២៦ គ្រាប់រួមអមការ Assist ១០ លើកក្នុងការបង្ហាញខ្លួនសរុប ៤៥ ប្រកួត។

២. Shoya Nakajima (សញ្ជាតិជប៉ុន/លេងនៅក្លឹប FC Porto) មានតម្លៃខ្លួន ១៦ លានអឺរ៉ូ

ដោយឡែកសម្រាប់កីឡាករ Nakajima មានទេពកោសល្យយ៉ាងល្អនិងធ្លាប់បានឈ្នះពានរង្វាន់កីឡាករល្អដាច់គេកាលពីឆ្នាំ ២០១៦ អំឡុងពេលលោកលេងនៅឈុត U-23 ហើយដោយសារតែសម្លឹងឃើញសមត្ថភាពមួយនេះទើបក្លឹប Porto សម្រេចចិត្តចុះកុងត្រាជាមួយនឹងលោកតែម្ដង។ ប៉ុន្តែក្រោយពីលេងជាមួយនឹងក្រុម Porto មក រូបលោកហាក់ធ្លាក់ទម្រង់លេងយ៉ាងគំហុក ពោលគឺរកបានត្រឹមមួយគ្រាប់ប៉ុណ្ណោះសម្រាប់ការបង្ហាញខ្លួនសរុប ២៨ ប្រកួត។

១. Son Heung-Min (សញ្ជាតិកូរ៉េខាងត្បូង/លេងនៅក្លឹប Tottenham Hotspur) មានតម្លៃខ្លួន ៦៤ លានអឺរ៉ូ

ដូចដែលដឹងច្បាស់ក្នុងចិត្តហើយថា នាពេលបច្ចុប្បន្នគ្មានកីឡាករអាស៊ីរូបណាដែលមានតម្លៃខ្លួនស៊ីដាច់តារាឆ្នើមរបស់មាន់ខ្នាយមាសរូបនេះបានឡើយ។ មិនត្រឹមតែជាកីឡាករអាស៊ីដែលមានតម្លៃខ្លួនថ្លៃបំផុតទេ Son Heung-Min ក៏ជាកំពូលកីឡាករមួយរូបដែលកំពុងតែទទួលបានភាពល្បីល្បាញទាំងនៅក្នុងលីគកំពូល EPL និងនៅទ្វីបអាស៊ីថែមទៀតផង៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់់៖ រ៉ាដា Liverpool ​ចង់​បាន​រូប​នេះ ត្រូវ​ក្លឹប​មេ​បញ្ជាក់​ច្បាស់​ហើយ​ថា​មិន​អាច​លក់​ទាប​ជាង​តម្លៃ​ទីផ្សារ​បាន​ទេ

ក្លឹបហង្សក្រហម Liverpool ត្រូវបានអ្នកគាំទ្រដឹងថា កំពុងតែព្យាយាមសាកសួរអំពីលទ្ធភាពនៃការនាំយករ៉ដារបស់ខ្លួនមួយរូបពីក្របខណ្ឌ Bundesliga ដែលម្នាក់នោះគឺ Timo Werner ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig។

Timo Werner 

ទន្ទឹមនឹងនោះ មេធំ Oliver Mintzlaff របស់ក្លឹប Leipzig បានមានប្រសាសន៍ទាក់ទងនៅនឹងរឿងរ៉ាវមួយនេះផងដែរ ដោយលោកបញ្ជាក់ថា មិនអាចលក់ Timo ក្នុងតម្លៃទាបជាងទីផ្សារបាននោះឡើយ។

Timo Werner

យោងទៅតាមរបាយការណ៍ដែលទទួលបានពីគេហទំព័រ Sport Bild បានឲ្យដឹងថា តម្លៃផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំគឺប្រមាណ ៥៥ លានអឺរ៉ូ ដែលតម្លៃមួយនេះបានធ្វើឲ្យក្រុមហង្សក្រហមមានការរារែកចិត្តក្នុងការទិញយករូបគេមកលេងនៅទឹកដី​ Anfield។

Oliver Mintzlaff

លោក Mintzlaff បានប្រាប់ទៅសារព័ត៌មានថា៖ “ វា​នឹង​មិនមាន​ការ​លក់​ចេញ​នូវ​តម្លៃ​ទាប​ណា​មួយ​នោះ​ទេ ពោល​គឺ​យើង​មិន​លក់​កីឡាករ​ក្រោម​តម្លៃ​ទីផ្សារ​ឡើយ ប្រសិន​បើ​គេ​នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​ច្រើន​ជាង​រយៈ​ពេល​មួយ​ឆ្នាំ។ ជា​ទូទៅ​យើង​តែងតែ​សួរ​ជា​មុន​សិន​ថា តើ​យើង​អាច​រក​កីឡាករ​ដទៃ​មក​ជំនួស​គេ​បាន​ឬ​អត់ ប្រសិន​យើង​លក់​គេ​នៅ​តម្លៃ​ទាប​ជាង​ហាងឆេង​ទីផ្សារ?”៕

ប្រភព: AF