ចាន់ វឌ្ឈនាកា ឈរចំណាត់ថ្នាក់លេខប៉ុន្មានក្នុងតារាង Top Scorer ក្រោយរកបាន៥គ្រាប់ពីរប្រកួតចុងក្រោយ?

ខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា បឹងកេត អេហ្វស៊ី បានបង្ហាញភាពលេចធ្លោជាថ្មី ជាមួយនឹងការរកគ្រាប់បាល់៥គ្រាប់ ក្នុងពីរប្រកួតចុងក្រោយ ទល់នឹងក្រុម ព្រៃវែង អេហ្វស៊ី និង អាស៊ីអឺរ៉ុប យូណៃធីត។

រូបភាព៖ Metfone Cambodian League

ក្រុមបឹងកេត ចាប់ផ្ដើមរដូវកាលមិនសូវបានល្អនោះទេ ដោយបរាជ័យក្នុងទឹកដីខ្លួនឯងពីរប្រកួតដំបូងទល់នឹង ណាហ្គាវើលដ៍ និង ភ្នំពេញក្រោន ហើយចាញ់អង្គរថាយហ្គឺរ មួយប្រកួតទៀតនៅទឹកដីខេត្តសៀមរាប។

ទោះយ៉ាងណាក្ដី ក្រុមដែលមានលោក គីម ភក្ដីជាគ្រូបង្គោល បានស្គាល់ជ័យជម្នះដំបូង ដោយបានយកឈ្នះសូទីឡូអង្គរ មុនពេលយកបានបីពិន្ទុពីព្រៃវែង អេហ្វស៊ី និងបន្ដឈ្នះ អាសីអឺរ៉ុប កាលពីពាក់កណ្ដាលសប្ដាហ៍នេះផងដែរ។

រូបភាព៖ Metfone Cambodian League

សម្រាប់ ចាន់ វឌ្ឍនាកា ក្នុង៤ប្រកួតដំបូងពុំទទួលបានឱកាសចូលលេងច្រើននោះទេ ហើយលេងក្នុងនាមជាកីឡាករបម្រុង ប៉ុន្ដែគេទទួលបានឱកាសលេងក្នុងជម្រើស១១នាក់ ក្នុងជំនួបទល់នឹងព្រៃវែង ហើយថែមទាំងរកបានហេតទ្រីគលើកដំបូង ក្នុងរដូវកាល ២០២១ មុនពេលរកបានពីរគ្រាប់បន្ថែមទៀត ក្នុងជំនួបជាមួយអាស៊ីអឺរ៉ុប។

បើគិតមកទល់បច្ចុប្បន្ន វឌ្ឍនាកា រកបាន៥គ្រាប់ហើយ ដែលធ្វើឱ្យគេរំកិលមកកាន់ចំណាត់ថ្នាក់លេខ៤ ក្នុងតារាង Top Scorer ដែលនាំមុខដោយកីឡាករបរទេសដូចជា Abee Ndjoo Hurber របស់អាស៊ីអឺរ៉ុបរកបាន៩គ្រាប់ Mika របស់ព្រះខ័នរាជស្វាយរៀងមាន៧គ្រាប់ និង Marcio de Oliveira Marques របស់ ណាហ្គាវើលដ៍ រកបាន៦គ្រាប់៕

ប្រភព៖ Metfone Cambodian League

អានអត្ថបទបន្ទាប់៖ មេធំ UEFA ប្រកាសថានឹងលែងធ្វើរឿងមួយនេះ សម្រាប់ព្រឹត្តិការណ៍ EURO ក្រោយៗ

ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានសារភាពថា លោកនឹងលែងឱ្យមានការធ្វើជាម្ចាស់ផ្ទះច្រើនប្រទេសទៀតហើយ សម្រាប់ការប្រកួត European Championship ដូចព្រឹត្តិការណ៍ EURO 2020 ដែលហាក់ដូចជាមិនយុត្តិធម៌សម្រាប់ក្រុមជម្រើសជាតិមួយចំនួន។

EURO 2020 ដំបូងឡើយ ត្រូវបានគ្រោងធ្វើដោយមាន១៣ទីក្រុងជាម្ចាស់ផ្ទះ ប៉ុន្ដែដោយសារការរីករាលដាលនៃកូវីដ១៩ ចំនួនទីក្រុងម្ចាស់ផ្ទះត្រូវបានបន្ថយសល់ត្រឹម១១ ប៉ុណ្ណោះ ដែលធានាឱ្យមានអ្នកគាំទ្រចូលរួមទស្សនា។

មានមតិរិះគន់ជាច្រើន ចំពោះការសម្រេចឱ្យក្រុមអង់គ្លេស អ៊ីតាលី អេស្ប៉ាញ និង ដាណឺម៉ាក ដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លេងក្នុងវគ្គចែកពូលក្នុងទឹកដីរបស់ពួកគេ ខណៈអង់គ្លេសលេង៦លើក ក្នុងចំណោម៧ប្រកួត នៅកីឡដ្ឋានជាតិ Wembley របស់ខ្លួន ដែលការប្រកួតចុងក្រោយគឺត្រូវប៉ះអ៊ីតាលី ក្នុងវគ្គផ្ដាច់ព្រ័ត្រ EURO 2020។

លោក Ceferin បាននិយាយថា លោកនឹងលែងគាំទ្រការរៀបចំច្រើនប្រទេសធ្វើជាម្ចាស់ផ្ទះការប្រកួតពានអឺរ៉ុបសម្រាប់ក្រុមជម្រើសជាតិ ដោយសារមិនស្មើភាពគ្នាសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិមួយចំនួន ដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយ ឆ្លងពីប្រទេសមួយ ទៅប្រទេសមួយទៀត ដើម្បីអាចទស្សនាក្រុមជម្រើសជាតិរបស់ខ្លួនប្រកួត និងបញ្ហាប្រឈមជាច្រើនផ្សេងទៀត ទើបប្រធាន UEFA សន្យាថានឹងលែងមានការរៀបចំបែបនេះតទៅទៀតសម្រាប់ព្រឹត្តការណ៍ក្រោយៗ៕

ប្រភព៖ Marca