មេធំ Nedved បញ្ជាក់ជាថ្មីពាក់ព័ន្ធនឹងអនាគតរបស់ Ronaldo ក្រោយមានចចាមអារ៉ាមចាកចេញ

Cristiano Ronaldo នៅតែជាកីឡាកររបស់ Juventus ដ្បិតមានចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញមុនរដូវកាលថ្មីក៏ដោយ នេះបើតាមការអះអាងរបស់អនុប្រធានក្លិប Juventus លោក Pavel Nedved។

ប​ច្ចុប្បន្ន ខ្សែប្រយុទ្ធជនជាតិព័រទុយហ្កាល់ នៅសល់កុងត្រាតែមួយឆ្នាំប៉ុណ្ណោះ សម្រាប់កិច្ចសន្យារយៈពេល៤ឆ្នាំដែលបានព្រមព្រៀងជាមួយក្លិបសេះបង្កង់ ក្រោយផ្លាស់ពីក្លិប Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូ។

Ronaldo ត្រូវបានរាយការណ៍ថា នឹងចាកចេញពីទីក្រុងទូរីន មុនរដូវកាលថ្មីចាប់ផ្ដើម ដោយនឹងទៅចូលរួមអតីតក្លិបរបស់ខ្លួនគឺ Manchester United និង Real Madrid ដែលត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ រួមជាមួយក្លិប Paris Saint-Germain ផងដែរ។

កីឡាករវ័យ៣៦ឆ្នាំរកគ្រាប់បាល់បាន២៩គ្រាប់ ក្នុងរដូវកាល ២០២០-២១ ហើយបានឈ្នះពានរង្វាន់ស្បែកជើងមាសនៅ Serie A ដែលជាពានកីឡាករមានគ្រាប់បាល់ច្រើនបំផុតប្រចាំរដូវកាលក្នុងលីគទី៣ ដែល Ronaldo បានចូលរួម បន្ទាប់ពី Premier League និង La Liga។

ពាក់ព័ន្ធនឹងអនាគតរបស់ Ronaldo លោក Nedved បានថ្លែងប្រាប់ Sky Sport Italia ថា៖ “Ronaldo នឹងត្រលប់ទៅហ្វឹកហាត់វិញនៅថ្ងៃចន្ទ ហើយគេនឹងស្នាក់នៅជាមួយយើង”។

លោក Nedved និយាយបែបនេះ បន្ទាប់ពីត្រូវបានសួរនាំអនាគតរបស់ខ្សែប្រយុទ្ធព័រទុយហ្កាល់ ក្រោយ Juve យកឈ្នះ Cesena ៣-១ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល នាថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ ក្រុមមួយនៅអាស៊ីហាលអាវមុនគេ ក្នុងវិញ្ញាសាបាល់ទាត់បុរសនៅតូក្យូអូឡាំពិក

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ យកបាន៣ពិន្ទុពីអារ៉ាប៊ីសាអ៊ូឌីត ៣-២ ទោះនៅសល់តែកីឡាករ១០រូបលើទីលាន ក្នុងការប្រកួតវគ្គចែកពូលតូក្យូអូឡាំពិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

កីឡាករ Nadiem Amiri ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់អាល្លឺម៉ង់ ប៉ុន្ដែត្រូវបានខ្សែបម្រើ Sami Al-Najei រកគ្រាប់បាល់តាមស្មើជូនអារ៉ាប៊ី សាអូឌីត។

ខ្សែបម្រើ Ragnar Ache បានរកគ្រាប់បាល់នាំមុខជាថ្មីសម្រាប់អាល្លឺម៉ង់ នៅចុងតង់ទី១ ប៉ុន្ដែត្រូវបាន Al-Najei តាមស្មើជាថ្មី។ កីឡាករ Amos Pieper ត្រូវបានបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Al-Najei នៅនាទីទី៦៧។

ទោះយ៉ាងណាក្ដី អាល្លឺម៉ង់នៅតែមានឱកាសរកបាន៣ពិន្ទុពីការប្រកួតនោះ នៅពេលដែល Felix Uduokai តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ ពីការបញ្ជូនបាល់ជ្រុងដោយខ្សែប្រយុទ្ធ Max Kruse។

អារ៉ាប៊ីសាអូឌីត ត្រូវហាលអាវត្រឹមវគ្គចែកពូលនៃព្រឹត្តិការណ៍តូក្យូអូឡាំពិកជាផ្លូវការ ទោះនៅសល់មួយប្រកួតក៏ដោយ បន្ទាប់ពីបរាជ័យពីរប្រកួត ក្រោមថ្វីជើងអាល្លឺម៉ង់ និងកូឌីវ័រ ហើយប្រកួតចុងក្រោយពួកគេត្រូវប៉ះប្រេស៊ីល៕