Laporta សារភាពថាពេលឡើងកាន់តំណែងភ្លាម លោកគិតដល់ការចុះកុងត្រាយកតារាឆ្នើមម្នាក់នេះ មក Barca មុនគេ

ប្រធានក្លឹប Barcelona លោក Joan Laporta បានសារភាពថាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការនាំយកខ្សែប្រយុទ្ធ Neymar ត្រលប់មកកាន់ទឹកដី Camp Nou វិញ នៅពេលដែលគាត់បានវិលមកកាន់តំណែងជាប្រធានក្លិបវិញ ស្របពេលតារាឆ្នើមរបស់ក្រុម Paris Saint-Germain រូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថាគេចង់វិលមកលេងនៅអេស្ប៉ាញវិញផងដែរ ។

Joan Laporta

ជាក់ស្តែង ចាប់តាំងពីកីឡាករសញ្ជាតិប្រេស៊ីល សម្រេចចិត្តចាកចេញពីក្លិប La Liga ដោយផ្ទេរទៅចូលរួមជាមួយក្លិបនៅក្របខ័ណ្ឌ Ligue 1 ជាមួយតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ (១៩៥ លានផោន/២៤០ លានដុល្លារ) ក្នុងឆ្នាំ ២០១៧ មក Neymar នៅតែបន្តមានទំនាក់ទំនងក្នុងការវិលមកកាន់ក្លិប Barca វិញជានិច្ច ។

Neymar

យ៉ាងណា នៅពេលត្រូវបានគេសួរអំពីចេតនាក្នុងការនាំយក Neymar ត្រលប់មកកាន់ទឹកដី Camp Nou វិញ ក្រោយពីបានឡើងកាន់តំណែងជាប្រធានក្លិបម្តងទៀត លោក Laporta  បាននិយាយថា ៖ “ បាទយើងបានព្យាយាមចុះហត្ថលេខា Neymar ម្តងទៀត។ គាត់បានទាក់ទងមកយើង ហើយគាត់ចង់មកវិញ” ។

Neymar, Lionel Messi

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ  Neymar បានប្តេជ្ញាបន្តស្នាក់នៅជាមួយក្លិប PSG តទៀត ក្រោយពីបានកុងត្រាថ្មីកាលពីខែឧសភា ជាមួយនឹងកិច្ចព្រមព្រៀងមួយ ដែលនឹងត្រូវធ្វើឲ្យគេរួមរស់ជាមួយក្លិបយក្សបារាំងរហូតដល់ឆ្នាំ ២០២៥ ឯណោះ ស្របពេលកន្លងមកខ្សែប្រយុទ្ធ Lionel Messi ក៏បានផ្ទេរមកចូលរួមជាមួយគេនៅក្របខ័ណ្ឌ Ligue 1 ផងដែរ ដែលនេះមានន័យថាឱកាសក្នុងការវិលត្រលប់ Barcelona វិញ គឺគ្មានទៀតនោះឡើយ ៕

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ Klopp ចង់ឲ្យ Liverpool ជះលុយបំបែកកំណត់ត្រាក្លិប ៨០ លានផោន នាំយកកីឡាករគោលដៅធំម្នាក់

ជាក់អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថាបានដាក់កំណត់យកកីឡាករ Jude Bellingham ថាជាគោលដៅផ្ទេរដ៏ធំមួយរបស់ខ្លួន ដោយនឹងមានការផ្តល់ជូនតម្លៃផ្ទេរបំបែបកំណត់ត្រារបស់ក្លិបថែមទៀតផង សម្រាប់ខ្សែបម្រើវ័យក្មេងរូបនេះ ។

Jude Bellingham 

ជាក់ស្តែង Bellingham ទើបតែឈានចូលដល់វ័យ ១៨ ឆ្នាំកាលពីខែមិថុនា ប៉ុន្តែគេទទួលបានបទពិសោធន៍មិនគួរឱ្យជឿ ដែលស្ថិតនៅក្នុងកម្រិតខ្ពស់រួចបាត់ទៅហើយ ។

យ៉ាងណា ក្រោយពីទទួលបានភាពលេចធ្លោខ្លាំងជាមួយក្រុម Birmingham City ក្លិប Borussia Dortmund ក៏បានចំណាយទឹកដី ២៥ លានផោន ដើម្បីចុះហត្ថលេខានាំយកតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះមក នៅក្នុងឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក គេអាចបង្ហាញខ្លួនបាន ៥១ លើកឲ្យអាល្លឺម៉ង់ និងស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់ទៀតផង ។

Jude Bellingham

ដោយមើលឃើញពីសមត្ថភាពមិនគួរជឿនេះហើយ ទើបក្រុម Liverpool កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាមានបំណងចង់ចុះហត្ថលេខានាំយក Bellingham កាន់ក្របខ័ណ្ឌ Premier League ។

Jude Bellingham

មិនតែប៉ុណ្ណោះ ប្រភពពី The Daily Star បានរាយការណ៍ថា Bellingham គឺបានក្លាយជាកីឡាករនៅក្នុងចិត្តរបស់គ្រូបង្វឹកលោក Jurgen Klopp រួចទៅហើយ ដោយគាត់ចង់នាំយកគេមកកាន់ទឹកដី Anfield លើសនរណាៗទាំងអស់ ហើយថែមទាំងបានឲ្យ Liverpool ធ្វើការចំណាយ ៨០ លានផោន ដែលជាចំនួនបំបែបកំណត់ត្រារបស់ខ្លួន សម្រាប់តារាឆ្នើមរបស់ក្រុម Dortmund រូបនេះទៀតផង ៕

ប្រភព: Metro