ទើបតែនាំចូលសោះ ឥឡូវ Chelsea កំពុងមានគម្រោងវៃចេញកីឡាករម្នាក់នេះវិញហើយ ក្នុងខែមករា

អ្វីៗហាក់មិនអាចដំណើរការទៅបានល្អនោះឡើយ សម្រាប់កីឡាករ Saul Niguez នៅទីក្រុងឡុងដ៍ ហើយវាហាក់ដូចជាពេលវេលារបស់គេ នៅក្លិបតោខៀវ Chelsea ប្រហែលជាជិតអស់ទៅវិញផងដែរ ដោយសារតែក្លិបកំពុងពិចារណាលុបចោលកិច្ចសន្យាខ្ចីជើងរបស់កីឡាករអេស្ប៉ាញរូបនេះ នៅទីផ្សារខាងមករាខាងមុខ ។

Saul Niguez

ពិតណាស់ ខ្សែបម្រើរូបនេះ ទើបតែបានចូលលេងត្រឹម ២៣៩ នាទីប៉ុណ្ណោះ ក្នុងចំណោម ៥ ប្រកួតរបស់ខ្លួន ចាប់តាំងពីបានមកដល់កីឡដ្ឋាន Stamford Bridge ពីក្រុម Atletico Madrid អំឡុងទីផ្សាររដូវក្តៅកន្លងទៅ។ មិនតែប៉ុណ្ណោះ មានតែអ្នកចាំទីដៃទី ៣ Marcus Bettinelli ទេ ដែលបានចូលលេងតិចជា Saul សម្រាប់ក្រុម Chelsea ក្នុងឆ្នាំរដូវកាលនេះ ។

Saul Niguez

តែទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ផ្នែកមួយនៃកិច្ចសន្យាខ្ចីជើង របស់ក្លិប Atletico Madrid នឹងមិនមានរួមបញ្ចូលចំពោះលក្ខខណ្ឌនាំយកខ្សែបម្រើវ័យ ២៦ ត្រលប់ទៅវិញនោះទេ ដែលនេះមានន័យថា Chelsea ចាំបាចង់ត្រូវស្វែងរកក្លិបផ្សេងទៀត ដើម្បីលក់ Saul បើសិនចង់បញ្ចប់កិច្ចសន្យារបស់គេ នៅដើមឆ្នាំ ២០២២ ខាងមុខនោះ ។

Saul Niguez

សូមបញ្ជាក់ផងដែរថា ការចាកចេញរបស់ Saul បានជួយក្លិប At Madrid ដើម្បីមានលទ្ធភាពនាំយកខ្សែប្រយុទ្ធ Antoine Griezmann ពី Barca ដូច្នេះការត្រឡប់មកវិញរបស់ Saul នឹងមិនមែនជាអ្វីដែលពួកគេចង់បានធ្វើនោះឡើយ ៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ Cascarino: ការចាកចេញរបស់កីឡាករម្នាក់ ធ្វើឱ្យ Liverpool ពិបាកប្រជែងយក Premier League

លោក Tony Cascarino ជឿថាការចាកចេញរបស់ខ្សែបម្រើ Georginio Wijnaldum បានធ្វើឱ្យតំបន់បម្រើរបស់ Liverpool មានកង្វះខាត ដែលធ្វើឱ្យពួកគេប្រឈមនឹងបាត់ឱកាសប្រជែង Premier League។

កីឡាករជនជាតិហូឡង់ Wijnaldum បានសម្រេចចែកផ្លូវគ្នាជាមួយក្លិបហង្សក្រហម នៅដំណាច់រដូវកាលមុន ក្រោយមិនបន្ដកុងត្រាជាមួយក្លិបអង់គ្លេសមួយនេះ ដោយបានផ្លាស់ទៅចូលរួម Paris Saint-Germain ដោយពុំមានតម្លៃផ្ទេរ ហើយបច្ចុប្បន្នក្រុមរបស់លោក Jurgen Klopp ពុំទាន់រកកីឡាករណាម្នាក់មកជំនួសគេនោះទេ អំឡុងការដោះដូររដូវក្ដៅកន្លងទៅ។

ជំនួសមកវិញ អ្នកចាត់ការជនជាតិអាល្លឺម៉ង់ បានផ្ដល់ទំនុកចិត្តទៅលើខ្សែបម្រើ Alex Oxlade-Chamberlain និង Thiago Alcantara ដោយកីឡាករទាំងពីររូបនេះ មិនមានបច្ចេកទេសល្អដូច Wijnaldum នោះទេ នេះបើតាមការអះអាងរបស់លោក Cascarino។

ជាលទ្ធផល ដោយសារកង្វះខាតកីឡាករនៅតំបន់បម្រើបានធ្វើឱ្យ Liverpool រងបរាជ័យលើកដំបូងក្នុងរដូវកាលនេះ ក្រោមថ្វីជើង West Ham ដោយសារពួកគេពិបាកក្នុងការបង្កើតឱកាសចេញពីតំបន់បម្រើ។

លោក Cascarino បានថ្លែងប្រាប់ The Times ថា៖ “ហេតុផលសំខាន់ ដែលហេតុអ្វីបានជាពួកគេ មិនខ្លាំងដូចពីមុន ដោយសារបញ្ហាតំបន់បម្រើនៅខណៈនេះ”។

“កីឡាករបីរូបនៅទីនោះធ្លាប់តែគ្មានភាពហត់នឿយ និងមានការវាយសម្រុក ដែលធ្វើឱ្យគូប្រកួតមានការពិបាកលេងជាមួយ Liverpool។ បច្ចុប្បន្ននៅតំបន់កណ្ដាលត្រូវបានវាយបែក”។

“ការបាត់បង់ធំបំផុតគឺ Gini Wijnaldum ដែលបានធ្វើឱ្យមានចន្លោះប្រហោងដ៏ធំ នៅពេលដែលគេទៅចូលរួម Paris Saint-Germain។ Alex Oxlade-Chamberlain និង Thiago Alcantara មិនបានធ្វើការងារដូចគ្នានោះទេ ជាពិសេសទល់នឹងគូប្រជែងដែលមានកាយសម្បទាខ្លាំង ដូច Declan Rice និង Tomas Soucek ក្នុងតំបន់បម្រើរបស់ West Ham។​ ហេតុផលនេះហើយបានជា Liverpool អាចនឹងពិបាកឈ្នះ Premeir League”៕

ប្រភព៖ Mirror