គ្រូបង្វឹកម្នាក់នេះស័ក្ដិសមមកជំនួស Rangnick ដោយសារកំណត់ត្រារបូតគ្រាប់បាល់

លោក​ Erik Ten Hag ជាបេក្ខភាពម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានរំពឹងថានឹងមកជំនួសលោក Ralf Rangnick ក្នុងតំណែងជាអ្នកចាត់ការក្លិប Manchester United នៅរដូវក្ដៅខាងមុខ ហើយលោកមានភាគរយខ្ពស់ដោយសារលទ្ធផលនៃការដឹកនាំលេងការពារបានល្អសម្រាប់ក្រុម Ajax ក្នុងរដូវកាលនេះ។

បច្ចុប្បន្ន Ajax កំពុងស្ថិតនៅកំពូលតារាងលីគកំពូលហូឡង់ Eredivisie ដោយទទួលបាន៤៨ពិន្ទុពីការលេង២០ប្រកួត ហើយជាក្រុមដែលលេងការពារបានល្អបំផុតក្នុងលីគកំពូលហូឡង់ ពោលគឺរបូតគ្រាប់បាល់តែ៥គ្រាប់ប៉ុណ្ណោះ។

យោងតាមប្រភពពីសារព័ត៌មាន The Mirror បានរាយការណ៍ថា ក្លិបបិសាចក្រហមកំពុងត្រូវការពង្រឹងតំបន់ការពារក្នុងក្រុម ខណៈលោក Rangnick មិនអាចដោះស្រាយបញ្ហានេះបានឡើយ ដូច្នេះហើយបានជាលោក Ten Hag ក្លាយជាបេក្ខជនស័ក្ដិសមបំផុតសម្រាប់តំណែងនេះ។

ខ្សែការពារចំណូលថ្មី Raphael Varane ពិបាកក្នុងការលេងឱ្យបានល្អប្រសើរដោយសារបញ្ហារបួសញាំញី ស្របពេលដែលប្រធានក្រុម Harry Maguire ហាក់ធ្លាក់ជើង ហើយខ្សែការពារស្លាបទាំងសងខាងគឺ Aaron Wan-Bissaka និង Luke Shaw ត្រូវខកខានចូលរួមច្រើនប្រកួតដោយសាររបួស។

សម្រាប់រដូវកាល២០២១-២២នេះ ក្រុមបិសាចក្រហមបានរបូតគ្រាប់បាល់៣០គ្រាប់ក្នុងចំណោម២២ប្រកួតនៅ Premier League៕

ប្រភព៖ Marca