គ្រូធំ Rangnick និយាយយ៉ាងឡូយបែបនេះ ពាក់ព័ន្ធឱកាសលេងនៅ UCL

អ្នកចាត់ការស្ដីទីរបស់ Manchester United លោក Ralf Rangnick បាននិយាយថា ក្រុមរបស់លោកមិនសមនឹងទទួលបានកៅអីចូលរួមការប្រកួត UEFA Champions League រដូវកាលក្រោយទេ ប្រសិនបើពួកគេនៅតែលេងដូចពេលជួបប្រកួតទល់នឹង Everton សម្រាប់ការប្រកួតដែលនៅសល់រដូវកាលនេះ។

Man Utd បានបរាជ័យ ១-០ នៅទឹកដី Goodison Park ទោះបីជា Everton មានគម្លាតតែមួយពិន្ទុពីតំបន់ត្រូវកាត់ចេញពីលីគ ប៉ុន្ដែពួកគេបានបន្ថយក្ដីសង្ឃឹមសម្រាប់ Man Utd ក្នុងការបានកៅអីលេង Champions League។

លោក Rangnick បាននិយាយក្រោយចប់ការប្រកួតថា៖ “ប្រសិនបើយើងនៅតែលេងដូចដែលយើងបានធ្វើនៅទីនេះ យើងមិនសមលេងនៅ UCL ទេ។ កីឡាករខ្លួនឯងផ្ទាល់គួរតែមានមហិច្ឆតា ក្នុងការលេងការប្រកួតអន្ដរជាតិ ប្រសិនបើអាចគឺលេង Champions League។ ដើម្បិអាចបានទទួលបានកៅអីលេងពានអឺរ៉ុបបាន អ្នកត្រូវតែរកគ្រាប់បាល់ក្នុង៩៥នាទីក្នុងការប្រកួតដូចនេះ”។

លោកបានបន្ដថា៖ “នៅពេលណាក៏ដោយដែលយើងរកគ្រាប់បាល់ទី១ ទោះកាលពីមុន ខ្ញុំគិតថា យើងមានទំនុកចិត្តគ្រប់គ្រាន់ ហើយយើងឈ្នះការប្រកួតភាគច្រើន”។

“នៅពេលដែលយើងរបូតគ្រាប់បាល់មុន យើងត្រូវតែនិយាយថា យើងបានបាត់បង់ការគ្រប់គ្រងលើខ្លួនឯងបន្ដិច។ ប្រហែលជាការមានទំនុកចិត្តតិចតួច។ ទីបំផុតទៅ ប្រសិនបើអ្នកមិនអាចរកគ្រាប់បាល់ទល់នឹង Everton ហើយដោយបង្ហាញការគោរពទៅ Everton ពួកគេមានក្រុមមួយដ៏ល្អ ប៉ុន្ដែប្រសិនបើអ្នក មិនរកគ្រាប់បាល់ទល់នឹងក្រុមដែលរបូត៣គ្រាប់ទល់នឹង Burnley, ចុងក្រោយអ្នកមិនអាចរំពឹងថាអាចយកបានអ្វីពីក្រុមនេះបានទេ”៕