ចាន់ វឌ្ឍនាកា រកគ្រាប់បាល់ជ័យជម្នះ សម្រាប់កម្ពុជាក្នុងការប្រកួតជើងទី១ទល់នឹងកោះហ្គាំ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះទៅលើកោះហ្គាំដោយលទ្ធផល ០-១ ក្នុងការប្រកួតវគ្គជម្រុះ playoff AFC Asian Cup កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ នៅកីឡដ្ឋាន Khalifa Sport City ក្នុងប្រទេសបារ៉ែន។

ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត ចាន់ វឌ្ឍនាកា ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់ជូនក្រុមគោព្រៃកម្ពុជា ដោយការស៊ុតដោយបច្ចេកទេសផុតដៃអ្នកចាំទីក្រុមកោះហ្គាំ ក្រោយទទួលបានការបញ្ជូនពីខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ។

ទោះយ៉ាងណាក្ដី មិនមានគ្រាប់បាល់កើតឡើងនោះទេ នៅក្នុងតង់ទី២ ខណៈក្រុមកម្ពុជាហាក់លេងមិនសូវបានល្អដូចកាលតង់ទី១ ស្របពេលកោះហ្គាំមានឱកាសច្រើនក្នុងការវាយសម្រុកនិងស៊ុតទី ប៉ុន្ដែមិនអាចបំប៉ោងសំណាញ់ទីរបស់ក្រុមកម្ពុជាបាន។

ការប្រកួតសម្រេចសេចក្ដី រវាងក្រុមទាំងពីរនឹងធ្វើឡើងនៅជើងទី២នាថ្ងៃអង្គារ ទី១២ ខែតុលា នៅកីឡដ្ឋាន Khalifa Sports City ដែលជាទឹកដីកណ្ដាលនេះដដែល៕