Diego Costa រកបានពីរគ្រាប់ជួយអោយ Atletico Madrid លើកពាន UEFA Super Cup

ខ្សែប្រយុទ្ធ Diego Costa រកបានពីរគ្រាប់ ជួយអោយក្រុម Atletico Madrid ទទួលបានជ័យជំនះលើកក្រុមការពារជើងឯក Champions League Real Madrid ក្នុងលទ្ធផល ៤-២ បន្ទាប់ពីចប់ការប្រកួត ដោយថែមម៉ោង។

អ្នកចាត់ការថ្មីរបស់ក្រុម Real Madrid លោក Julen Lopetegui ដឹកនាំក្រុមប្រកួតផ្លូវការជាលើកដំបូង បន្ទាប់ពីការប្រកួតមិត្តភាពកំដៅសាច់ដុំ ដែលអ្នកចាត់ការរូបនេះបានជំនួសតំណែងរបស់លោក Zinedine Zidane ដែលបានលាលែងពីតំណែងកាលពីខែឧសភាកន្លងទៅ។

ចាប់ផ្ដើមការប្រកួតភ្លាមក្រុម Atletico Madrid បើកការសំរុក ហើយមានឱកាសរកបានមួយគ្រាប់មុនដោយ ខ្សែប្រយុទ្ធ Diego Costa ដោយមានការបញ្ជូនពីខ្សែការពារ Diego Godin។ ប៉ុន្ដែត្រូវបានក្រុម Real Madrid តាមស្មើបានមួយគ្រាប់វិញ ដោយការតែតមួយក្បាលរបស់ខ្សែប្រយុទ្ធបារាំង Karim Benzema បានពីការកាត់បាល់ទៅតំបន់គ្រោះថ្នាក់ដោយ Gareth Bale។

នៅក្នុងតង់ទី២ ខាងក្រុម Real Madrid រកបានមួយគ្រាប់បន្ថែមទៀត ដោយបាល់ពិន័យ១១ម៉ែត្រ របស់ប្រធានក្រុម Sergio Ramos ដោយសារតែខ្សែការពារ Juanfran បានធ្វើអោយបាល់ប៉ះដៃ នៅតំបន់គ្រោះថ្នាក់។

យ៉ាងណាម៉ិញ ក្រុមម្ចាស់ជើងឯក Europa League តាមស្មើ ២-២ ដោយខ្សែប្រយុទ្ធ Diego Costa រកបានមួយគ្រាប់បន្ថែមទៀត សារជាថ្មី ហើយលទ្ធផលនេះរក្សារហូតដល់ចប់តង់ទី២ មុនការបន្ថែមម៉ោង ១៥នាទីពីរដង។

ដល់ម៉ោងបន្ថែម ក្រុម Atletico របស់លោក Diego Simeone មានឱកាសរកបានពីរគ្រាប់ ដោយខ្សែបម្រើ Saul Nuguez និង Koke ធ្វើអោយក្រុមម្ចាស់ពាន Europa League ទទួលបានជ័យជំនះក្នុងលទ្ធផលសរុប ៤-២។

គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែល Atletico រកគ្រាប់បាល់បាន ៤គ្រាប់ទល់នឹង Real Madrid ដោយក្រុមរបស់លោក Simeone បរាជ័យវគ្គផ្ដាច់ព្រ័ត្រ Champoins League ពីរលើក កាលពីឆ្នាំ ២០១៤ និង ២០១៦៕