Messi រកបានពីរគ្រាប់ជួយ Barca ឈ្នះ Getafe ខិតកាន់តែក្បែរកំពូលតារាង

Lionel Messi រកបានពីរគ្រាប់ឱ្យ Barcelona ក្នុងការប្រកួតជ័យជម្នះលើ Getafe ហើយឡើងមកលេខ៣ក្នុងតារាង La Liga ដោយមានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid។

Messi បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមអ្នកមានបុណ្យ មុនពេលមិត្តរួមក្រុម Clement Lenglet ធ្វើឱ្យបាល់ចូលទីខ្លួនឯង ឱ្យ Getafe តាមស្មើ។

Barca មានឱកាសនាំមុខជាថ្មី ដោយបាល់ own-goal របស់កីឡាករ Sofian Chakla ហើយ Messi រកបានមួយគ្រាប់បន្ថែមទៀតឱ្យក្រុមលោក Ronald Koeman នាំមុខ ៣-១។

គ្រាប់បាល់ប៉េណាល់ទីរបស់ Enes Unal បានបង្កើនក្ដីសង្ឃឹមសម្រាប់ Getafe ជាថ្មី ប៉ុន្ដែគ្រាប់បាល់ពីរគ្រាប់បន្ថែម រកបានដោយខ្សែការពារ Ronal Araujo និង ខ្សែប្រយុទ្ធ Antoine Griezmann បានធានា៣ពិន្ទុសម្រាប់ Barca៕

អានអត្ថបទបន្ទាប់៖ Sheringham: ទោះអាចធ្វើរឿងកម្រមួយនេះឱ្យ Spurs បានក៏មិនធានាថា Mason អាចកាន់តំណែងពេញសិទ្ធដែរ

អតីតម្ចាស់អាវលេខ១០របស់ក្រុម Tottenham លោក Teddy Sheringham បាននិយាយថា គ្រូបង្វឹកបណ្ដោះអាសន្ន Ryan Mason នឹងមិនទទួលបានកិច្ចសន្យាអចិន្ដ្រៃយ៍នោះទេ ប្រសិនបើលោកមិនអាចដឹកនាំក្រុមឈ្នះការប្រកួត Carabao Cup នៅចុងសប្ដាហ៍នេះបាន បន្ទាប់ខកខានកាន់ពានរយៈពេល១៣ឆ្នាំចុងក្រោយ។

បុរសវ័យ២៩ឆ្នាំ ឈ្នះការប្រកួតដំបូងរបស់ខ្លួន សម្រាប់ក្រុមធំរបស់ Spurs ក្រោយចូលកាន់តំណែងជាគ្រូបង្វឹកជំនួសលោក Jose Mourinho ដោយបានយកឈ្នះ Southampton ២-១ កាលពីយប់ថ្ងៃពុធកន្លងទៅ។

លោក Mason នឹងត្រូវប្រឈមគូប្រកួតដ៏តានតឹងនៅពេលដែល Spurs ជួបប្រកួតជាមួយក្រុមកំពូលតារាង លីគកំពូលអង់គ្លេស Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ Carabao Cup។

លោក Sheringham ដែលជាអតីតខ្សែប្រយុទ្ធ Tottenham និង Man Utd បាននិយាយថា៖ “ក្រុមទាំងពីរគឺអស្ចារ្យ។ ក្រុមទាំងពីរស្ថិតនៅស្ថានភាពផ្សេងគ្នានៅពេលនេះ”។

នៅពេលត្រូវបានសួរថាតើលោក Mason អាចក្លាយជាគ្រូបង្វឹកពេញសិទ្ធឬយ៉ាងណា ប្រសិនបើ Spurs យកឈ្នះ Man City អតីតខ្សែប្រយុទ្ធរូបនេះបានឆ្លើយតបថា៖ “ខ្ញុំមិនដែលគិតដូច្នេះទេ។ គ្មានផ្លូវទេ។ វាជាស្ថានភាពដែលអ្នកត្រូវការ អ្នកដែលមានបទពិសោធន៍ ដើម្បីធ្វើការងារនេះ។ ខ្ញុំយល់ច្បាស់ថា វានឹងធ្វើឱ្យគាត់ទទួលបានការគោរព ប្រសិនបើគាត់អាចឈ្នះការប្រកួតនេះ”។

“គាត់នឹងត្រលប់មកដឹកនាំក្រុមរហូតដល់ចប់រដូវកាល ហើយទទួលយកបទពិសោធន៍ជាមួយ Tottenham។ ប៉ុន្ដែខ្ញុំមិនច្បាស់ទេ ថាតើគាត់អាចទទួលបានតំណែងពេញសិទ្ធ ប្រសិនបើពួកគេឈ្នះការប្រកួតនេះ”៕

ប្រភព៖ talkSPORT