កីឡាករ៥រូប ដែលអាចលេចធ្លោក្រុមជម្រើសជាតិរបស់ខ្លួន ប្រជែងមេដាយមាសនៅអូឡាំពិក

វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍តូក្យូអូឡាំពិក នឹងចាប់ផ្ដើមនាថ្ងៃទី២២ ខែកក្កដា នេះហើយ ខណៈអ្នកគាំទ្របាល់ទាត់ក៏កំពុងតាមដាន ក្រុមជម្រើសជាតិដែលពួកគេពេញចិត្តផងដែរ ក្នុងព្រឹត្តិការណ៍នោះ។

កីឡាករឆ្នើមលេចធ្លោមួយចំនួន ក្នុងព្រឹត្តិការណ៍ EURO 2020 ដែលទើបបញ្ចប់កាលពីថ្មីៗនេះ ក៏ចូលរួមការប្រកួតអូឡាំពិកផងដែរ ខណៈក្រុមជម្រើសជាតិធំបីគឺ អាហ្សង់ទីន, អេស្ប៉ាញ និងប្រេស៊ីល ជាបេក្ខភាពដែលមានសង្ឃឹមខ្ពស់ ក្នុងការឈ្នះមេដាយមាស។

ប៉ុន្ដែយើងក្រលេកមើលកីឡាករ៥រូប ដែលនឹងសាងភាពលេចធ្លោសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលប្រារព្ធធ្វើនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន។

១. Dani Alves

ក្នុងវ័យ៣៨ឆ្នាំ ខ្សែការពារស្លាបស្ដាំរបស់ Sao Paolo រូបនេះ មិនត្រូវបានកោះហៅចូលរួមព្រឹត្តិការណ៍ Copa America ដែលធ្វើនៅក្នុងប្រទេសកំណើតរបស់ខ្លួនឡើយ ដោយសារបញ្ហារបួស ប៉ុន្ដែគេបានចូលរួមក្រុមសាំបាប្រេស៊ីល ជាកីឡាករជួរមុខនៅអូឡាំពិក។

២. Andre-Pierre Gignac

ទោះបីមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ EURO 2020 ក៏ពិតមែន ប៉ុន្ដែខ្សែប្រយុទ្ធ Gignac អាចជាចំណែកមួយបង្កើនទំនុកចិត្តសម្រាប់ក្រុមជម្រើសជាតិបារាំង ដើម្បីក្រសោបយកមេដាយមាសនៅ Olympic Games។

ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ ជាកីឡាករដែលមានគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្លិប Tigres និងជាកីឡាករអឺរ៉ុបដែលមានគ្រាប់បាល់ច្រើនបំផុត នៅលីគកំពូលម៉ិកស៊ីកូ ហើយបទពិសោធន៍ដ៏ជោកជាំរបស់លោក អាចជួយឱ្យបារាំង សង្ឃឹមកាន់តែខ្ពស់ ដើម្បីទទួលជ័យជម្នះ។

៣. Pedri

បន្ទាប់ពីជាប់ឈ្មោះជាកីឡាករក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍ EURO 2020 រួមជាមួយនឹងរដូវកាលមួយដ៏ល្អសម្រាប់ក្លិប Barcelona ខ្សែបម្រើ Pedri បានចូលរួមក្រុមអេស្ប៉ាញ ដែលមានសុទ្ធតែកីឡាករល្អៗ និងមានសង្ឃឹមឈ្នះមេដាយមាសផងដែរ។

ក្លិប Barcelona បានព្យាយាមរារាំងការចូលរួមរបស់គេក្នុងព្រឹត្តិការណ៍ដ៏ធំនៅអាស៊ី ប៉ុន្ដែ Pedri នៅតែចូលរួមជាមួយកីឡាករវ័យក្មេងលេចធ្លោមួយចំនួនរួមមាន Unai Simon, Pau Torres, Marco Asensio, Dani Ceballos, Bryan Gil និង Dani Olmo ជាដើម។

៤. Takefusa Kubo

Kubo មានឱកាសក្នុងការបង្ហាញគុណភាព និងភាពជាអ្នកដឹកនាំសម្រាប់ក្រុមជម្រើសជាតិជប៉ុន នៅក្នុងទឹកដីរបស់ខ្លួន។ ក្រុមជម្រើសជាតិរបស់គេ ទំនងមិនស្ថិតនៅក្នុងបេក្ខភាពជួរមុខនោះទេ ក្នុងព្រឹត្តិការណ៍នេះ ប៉ុន្ដែ Kubo មានគ្រប់យ៉ាងដើម្បីបង្ហាញទៅឱ្យប្រជាជាតិជប៉ុន មានមោទកភាពចំពោះគេ។

៥. Diego Lainez

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិម៉ិកស៊ីកូ មិនទាន់បានពង្រឹងសមត្ថភាពរបស់ខ្លួនបានក្នុងកម្រិតមួយ ដែលអាចជាប់ជម្រើសដំបូងក្នុងក្រុម Real Betis នៅឡើយ ប៉ុន្ដែគេជាកីឡាករដ៏មានទេពកោសល្យមួយរូប សម្រាប់ក្រុមជម្រើសជាតិខ្លួន។

គេបានសាងភាពលេចធ្លោ ក្នុងព្រឹត្តិការណ៍ Toulon ក្នុងឆ្នាំ ២០១៨ ដោយបានឈ្នះពានបាល់មាស និងជាប់ក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំព្រឹត្តិការណ៍ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះ នឹងរ៉ាប់រងតំណែងលេខ១០ សម្រាប់ការប្រកួតអូឡាំពិក នៅប្រទេសជប៉ុន៕

ប្រភព​៖ Marca