Salah បង្ហោះសារមួយភ្លាមៗ ក្រោយដឹងថា Real Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UCL

ខ្សែប្រយុទ្ធឆ្នើម Mohamed Salah របស់ Liverpool បានសម្លឹងមើលឱកាស ក្នុងការបង្កើតកំណត់ត្រា នៅក្នុងជំនួបទល់នឹង Real Madrid នៃវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ខាងមុខនេះ។

Salah បានជួយក្រុមហង្សក្រហម ធានាកៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រោយទទួលបានជ័យជម្នះ ៣-២ លើ Villarreal ហើយពួកគេនឹងត្រូវតតាំងជាមួយ Real Madrid ជាក្រុមដែលធ្លាប់ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០១៨ ដែលកាលនោះក្រុមអេស្ប៉ាញជាជើងឯក។

បន្ទាប់ពីដឹងលទ្ធផលថា Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Salah បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនី Instagram របស់ខ្លួន ដោយសរសេរថា៖ “យើងត្រូវតែរកគ្រាប់បាល់ ដើម្បីដោះស្រាយ”។

រំឭកកាលពីឆ្នាំ២០១៨ នៅពេលដែលក្រុមរបស់លោក Jurgen Klopp ឡើងទៅជួប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League, Salah បានបង្ហាញខ្លួនលើទីលានប្រកួតក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយត្រូវបានប្ដូរចេញពីទីលានទាំងទឹកភ្នែក។

ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីបរូបនេះ បានរងរបួសនៅពេលមានការប៉ះទង្គិចជាមួយអតីតប្រធានក្រុមអធិរាជស Sergio Ramos ដែលបង្កឱ្យគេរងរបួសស្មារយ៉ាងធ្ងន់.ធ្ងរ។ គ្រាប់បាល់របស់ Karim Benzema មួយគ្រាប់ និងពីរគ្រាប់ផ្សេងទៀតរកបានដោយ Gareth Bale បានធានាឱ្យ Real Madrid ឈ្នះជើងឯក Champions League ៣ឆ្នាំជាប់គ្នា បើទោះបីជា Liverpool រកបានមួយគ្រាប់ពី Sadio Mane ក៏ដោយ៕

ប្រភព៖ Goal